ព័ត៌មានជាតិ

សម្តេចតេជោ៖ សមត្ថកិច្ច និងតុលាការចេះធ្វើការហើយ ទៅលើ យឹម ស៊ីណន និងហ៊ុន កុសល

" "

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សង្ឃឹមថា តុលាការ និងសមត្ថកិច្ច នឹងចេះធ្វើការចំពោះករណី លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ដែលបាននិយាយក្នុងលក្ខណៈ ប្រមាថទៅលើអង្គព្រះមហាក្សត្រ ។ លោកទាំង២នាក់នេះ ដែលជាមនុស្សស្និតនឹងលោក កឹម សុខា បានលើកឡើងក្នុងន័យស្រដៀងគ្នា អំពីការប្រមាថទៅព្រះមហាក្សត្រ ចំពោះការបាំងឆត្រ (ក្លុ) លើអង្គព្រះមហាក្សត្រក្នុងព្រះរាជពិធី ប្រោសប្រទានព្រះអគ្គិជ័យកីឡា នាថ្ងៃ២១ មីនា ក្នុងប្រាសាទអង្គរវត្ត។

សម្តេចតេជោបានឲ្យដឹង ក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាថ្ងៃ២២ មីនា ថា សម្តេចប្រុងបញ្ចេញសារអំពីបុគ្គលទាំង២គឺ យឹម ស៊ីណន និង ហ៊ុន កុសល តាំងពីយប់មិញម្ល៉េះ តែសម្តេចបញ្ចេញនាព្រឹកនេះតែម្តង ។ ចំពោះករណីនេះ សម្តេចថា ក៏បាននាំយុវជន២នាក់នេះ មកសួរនាំអំពីការប្រមាថព្រះមហាក្សត្រ។

" "

សម្តេចថា មិនមែនសម្តេចនិយាយដើម្បីឲ្យ តុលាការអនុវត្តទោសលើពួកគេនោះទេ តែសម្តេចលើកឡើងនេះ ដើម្បីចង់បកស្រាយឲ្យពលរដ្ឋខ្មែរបានដឹង ព្រោះអ្នកទាំង២ ដែលនិយាយដល់អង្គព្រះមហាក្សត្រនេះ មិនមែនជាការបញ្ចេញមតិនោះទេ គឺជាការប្រមាថហើយ ដូច្នេះសង្ឃឹមថា តុលាការ និងសមត្ថកិច្ចចេះដោះស្រាយហើយ។

" "

លោក យឹម ស៊ីណន បានបង្ហោះនៅលើហ្វេសប៊ុករបស់លោកថា «បើតាមសំឡេងពលរដ្ឋតាមហាង កាហ្វេគឺថ្ងៃនេះយើងអាច ឃើញច្បាស់ថា នរណាជាស្តេចផែនដីពិតប្រាកដ»។

ចំណែកលោក ហ៊ុន កុសលវិញបង្ហោះដែរថា «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រ ខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹង បើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួម ពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។

ក្រោយឃើញបែបនេះ សម្តេចបានខំមិនតបទៅលោក យឹម ស៊ីណនថា ការបង្ហោះពាក់ព័ន្ធលើបញ្ហានេះ ជារឿងបំភ្លៃ។ សម្តេចបានបញ្ជាក់ថា៖ «មានតែព្រះមហាក្សត្រទេ ដែលព្រះអង្គដឹងច្បាស់»។ សម្តេចក៏បានឆ្លើយឆ្លងបន្ថែមទៀតថា៖ «បើគ្មានទោសទើបចម្លែកព្រោះ នេះមិនមែនជា របៀបបញ្ចេញមតិទេតែជា ការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណាយើងទុក ជូនតុលាការជាអ្នកកាត់ក្តី»៕

To Top