ព័ត៌មានជាតិ

កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើកកម្ពស់សមត្ថភាព បណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ

ភ្នំពេញ ៖ កម្ពុជា និង សាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អំពីផែនការអនុវត្តគម្រោង លើកកម្ពស់សមត្ថភាព វិទ្យាស្ថានសម្រាប់ ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាព ការងារនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ។

លោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យ ការងារឲ្យដឹង នៅក្រោយពិធីចុះហត្ថលេខាថា នេះជាការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយ អភិវឌ្ឍផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។ មួយវិញទៀតជួយដល់វិទ្យាស្ថានជាតិ សុវត្ថិភាព និងសុខភាពការងារផងដែរ។ គម្រោងខាងលើនេះ មានរយៈពេល៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ។

លោកថា ស្របពេលកម្ពុជា មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ជាពិសេសវិស័យការងារ កំពុងមានកំណើនគួរឲ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏អាចនឹងមានខ្ពស់ដែលចាំបាច់ត្រូវមានវិធានការ ក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយបទដ្ឋាន គតិយុត្តិដែលត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិក។ តាមរយៈជំនួយក្នុងការអនុវត្តគម្រោងនេះ មានថវិកាប្រមាណជាង២លានដុល្លារសម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េក៏បានឲ្យមន្ត្រី នៃនាយកដ្ឋានពេទ្យការងារផ្នែកអនុបណ្ឌិត ទៅបន្តការសិក្សារយៈពេល២ឆ្នាំ នៅកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយ ការងារក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល៕

To Top