ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋនមន្ត្រីកម្ពុជា បានថ្លែងថា មានមនុស្សមួយចំនួនបានចាត់ទុកការឆេះព្រះរាជដំណាក់ នៅក្នុងក្រុងសៀមរាប ដូចជាគ្រាប់បែក គ្រាប់ម៊ីស៊ីល ផ្ទុះឆេះផែនដី ហើយរហូតឈានទៅចោទប្រកាន់គណបក្សប្រជាជនកម្ពុជា ជាអ្នកធ្វើទៅទៀត ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃ២២ មីនា សម្តេចតេជោ បានមានប្រសាសន៍ថា ព្រះមហាក្សត្រ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់ ខេត្តសៀមរាប ដែលបានឆាបឆេះកាលពីថ្ងៃទី១២ ខែមីនា ។ សម្តេចថា ព្រះរាជដំណាក់ដែលឆាបឆេះនោះ ជាអគារមួយដែលព្រះវររាជមាតាជាតិខ្មែរ ធ្លាប់គង់ប្រថាប់កាលពីឆ្នាំ១៩៥៣ ។ ដោយឡែក អគារផ្សេងៗ មិនមានឆាបឆេះនោះឡើយ ។
សម្ដេចតេជោបន្ថែមថា អគារដែលឆាបឆេះនោះ កំពុងត្រូវបានជួសជុល ហើយក៏នឹងដំណើរការជួសជុលទាំងអស់ នៅងទីនោះឡើងវិញ ព្រោះខានជួសជុលប៉ុន្មានឆ្នាំហើយដែរ ។
សម្ដេចតេជោបានផ្ញើសារទៅកាន់ អ្នកនៅក្រៅប្រទេសដែលចោទថា បក្សប្រជាជននៅពីក្រោយនៃការឆេះព្រះរាជដំណាក់ថា ឥឡូវព្រះមហាក្សត្រ កំពុងគង់ប្រថាប់នៅព្រះរាជដំណាក់នៅសៀមរាបដែលជាព្រះរាជដំណាក់ធំ គឺអត់មានអ្វីប៉ះពាល់នោះទេ ។ សម្ដេចតថា ព្រះរាជដំណាក់ នៅសៀមរាប ក៏ធ្លាប់ប្រជុំសភា នៅទីនោះ ដែលជាកន្លែងសម្ដេច ត្រូវបានគេបាញ់៤គ្រាប់ នៅក្នុងព្រះរាជដំណាក់នោះ ។
សម្ដេចតេជោបញ្ជាក់ថា «យើងសោកស្ដាយ ជាមួយនឹងឧប្បត្តិហេតុ (ឆេះព្រះរាជដំណាក់) ដែលកើតឡើងដោយសារទុស្សេខ្សែភ្លើង ប៉ុន្តែមនុស្សមួយចំនួន ចាត់ទុកអាហ្នឹងដូចគ្រាប់បែក គ្រាប់ម៊ីស៊ីល មួយផ្ទុះឆេះផែនដីចឹង បង្កើតព្រឹត្តិការណ៍នេះ ព្រឹត្តិការណ៍នោះ រហូតទៅដល់ចោទគណបក្សប្រជាជន រដ្ឋាភិបាលជាអ្នកធ្វើ ។ ចឹងឥឡូវជាក់ស្ដែងព្រះមហាក្សត្រគង់នៅសណ្ឋាគារ ឬនៅព្រះរាជដំណាក់ គឺព្រះមហាក្សត្រកំពុងគង់នៅព្រះរាជដំណាក់» ។
សម្ដេចថ្លែងថា មិនមែនឆេះព្រះរាជដំណាក់ធំទេ តែឆេះព្រះរាជដំណាក់មួយដែលតូច ដែលព្រះវររាជមាតាជាតិខ្មែរ ធ្លាប់គង់ប្រថាប់នៅទីនោះ កាលពីឆ្នាំ១៩៥៣ ក្នុងពេលដែលព្រះករុណាបិតា ដឹកនាំព្រះរាជបូនីយកិច្ច ដើម្បីទាមទារឯករាជ្យ នៅពេលនោះ ដែលជាដំណាក់កាលឈានទៅដល់ដំណាក់កាលផ្ដាច់ព្រ័ត នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕