ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជា មានអត្រាឈឺ-ស្លាប់ ដោយរបេងខ្ពស់នៅឡើយ បើធៀបនឹងប្រទេសមួយចំនួន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា នៅមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើន ទោះបីជាកម្ពុជាទទួលបាន ជោគជ័យលើជំងឺនេះក៏ដោយ។

យោងតាមសារលិខិតរបស់សម្ដេចតេជោ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ការស្រាវជ្រាវ និងការព្យាបាលជំងឺរបេងឲ្យ ប្រជាជនដោយឥតបង់ថ្លៃ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ និងជាហេតុធ្វើឲ្យអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងមាន ការធ្លាក់ចុះយ៉ាងខ្លាំងជាងប្រទេសដទៃ ។ ជាក់ស្ដែង អត្រាស្លាប់បានថយចុះ ពី៤២ករណី ក្នុងចំណោមប្រជាជន១០០ ០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម២១ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០២១ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥០%។

សម្ដេចតេជោបន្ដថា រីឯអត្រាកើតមានជំងឺថ្មី (អាំងស៊ីដង់) បានធ្លាក់ចុះពី៥៧៩ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០០០ មកដល់២៨៨ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២១ ដែលស្មើនឹងធ្លាក់ចុះ៥០% ផងដែរ។ កម្ពុជាបានសម្រេចគោលដៅ អភិវឌ្ឍន៍សហស្សវត្សពាក់ព័ន្ធនឹងការ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេស ក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន។

សម្ដេចតេជោបញ្ជាក់ថា «ទោះបីជាយើងទទួលបាន ជោគជ័យយ៉ាងនេះក៏ដោយ ក៏ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំយល់ថា ប្រទេសកម្ពុជា យើងនៅមានអត្រាឈី និងស្លាប់ដោយសារជំងឺរបេងខ្ពស់នៅឡើយ បើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយ ដែលនៅពុំទាន់បានទទួលសេវា។ បញ្ហានេះតម្រូវឲ្យយើងត្រូវបង្កើនល្បឿន នៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឲ្យកាន់តែច្រើនថែមទៀតនូវអត្រាឈឺ និងស្លាប់ ដោយសារជំងឺរបេង ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៃព្រះរាជាណាចក្រកម្ពុជា និងសកលលោក»។

សម្ដេចនាយករដ្ឋមន្ដ្រីលើកឡើងទៀតថា ទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់ លើបញ្ហាជំងឺរបេង ដោយមិនអាចមើលរំលងនូវ ចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាព ការរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ៕

To Top