ព័ត៌មានជាតិ

សមត្ថកិច្ច សង្គ្រោះជនរងគ្រោះពីអាជីវកម្មផ្លូវភេទ ២២៥នាក់ និងឃាត់ខ្លួនជនសង្ស័យ ១៤៩នាក់

ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា ក្នុងឆ្នាំ២០២២ សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់។

ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២២ នៅថ្ងៃ២៣ មីនា លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «ករណីធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបាន ១៣០ករណី/១២៤ករណី (កើន៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន១៤៩នាក់ អនីតិជន ១៩នាក់ និងជនបរទស១០នាក់ មាន៣សញ្ជាតិ»។

លោកស្រីបន្ដថា សង្គ្រោះជនរងគ្រោះចំនួ ២២៥នាក់ មានអាយុក្រោម១៥ឆ្នាំ ចំនួន ១២៤នាក់ , អាយុ១៥-១៧ឆ្នាំ ចំនួន ៣១នាក់ និងអាយុ១៨ឆ្នាំឡើង ៧០នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៤៨នាក់ និងប្រគល់ឲ្យគ្រួសារ ១៧៧នាក់)។

លោកស្រីរដ្ឋលេខាធិការបន្ថែមថា ដោយឡែក ការដាក់ចេញផែនការប្រតិបត្តិការបង្កើន ការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ របស់គ.ជ.ប.ជ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលដល់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស ៨៧១នាក់ មកពី១២ប្រទេស ក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ជូនទៅតុលាការ៕

To Top