ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ត្រូវបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផល ស្ដីពីការអង្កេត និងផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិច នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ លោកស្រី គឹម សេដ្ឋានី បានថ្លែងថា «គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ ត្រូវបង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ស្របតាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងស្រាវជ្រាវ ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ»។
សូមបញ្ជាក់ថា ការស្រាវជ្រាវនេះ ក៏បានសំណូមពរបន្ថែមដល់ក្រសួង -ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយ បារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្តាក្រាម(Instagram) ជាដើមដែលជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិក ដល់កុមារ និងយុវជនវ័យក្មេង ។ ជាងនេះទៀត ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិង អនាគតដោយផលិតផលនេះ។
លើសពីនេះ ការស្រាវជ្រាវ រកឃើញថា សិស្សច្រើន លើសលុប បានដឹងនិង ស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង៥០% បានស្គាល់ តាមរយៈបណ្ដាញ ព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងទិកតុក ជាដើម ។ ទន្ទឹមនឹងនេះ មានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹង ពីផលប៉ះពាល់ នៃបារីអេឡិចត្រូនិកឡើយ ។ ពួកគាត់យល់ថា អ្នកដែលបាននិងកំពុងប្រើបារីអេឡិចត្រូនិកនោះ គឺដោយសារតែជឿតាមការឃោសនា របស់អ្នកលក់ថា ជាម៉ាស៊ីនផ្ដាច់បារីនិងមានសុវត្ថិភាព ។
ការស្រាវជ្រាវនេះ បានបង្ហាញថា ហាមឃាត់ការប្រើប្រាស់ និងការចែកចាយបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សា សាធារណៈនិង ឯកជនកន្លងមក គឺ មានប្រសិទ្ធភាពល្អ ប៉ុន្តែទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយ ពីផលប៉ះពាល់អវិជ្ជមាន ទៅលើសុខភាពនិងសុខុមាលភាព ធនធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារី អេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅ នឹងគោលដៅគោលនយោបាយ លើកកម្ពស់សុខភាពសិក្សានៅឡើយ។
គួរបញ្ជាក់ថា ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិក នៅកម្ពុជា ត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លុះដល់ឆ្នាំ២០២១ កម្ពុជាបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕