ព័ត៌មានជាតិ

ប្រមុខការទូតខ្មែរ នឹងបំពេញទស្សនកិច្ច នៅម៉ារ៉ុក និងអារ៉ាប់អេហ្ស៊ីប

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសខាងទ្វីបអាហ្វ្រិកនៅបន្តបន្ទាប់គ្នានាចុងខែនេះ។

ទស្សនកិច្ច នៅម៉ារ៉ុកចាប់ពីថ្ងៃ២៧-២៨ មីនា ខណៈអារ៉ាប់អេហ្ស៊ីប ពីថ្ងៃ២៩-៣០ មីនា ឆ្នាំ២០២៣ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនា បានឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក និងលោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេសអារ៉ាប់អេហ្ស៊ីប។

នៅម៉ារ៉ុក លោកឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយលោក Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន ៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមាន ៖ កិច្ចព្រមព្រៀងស្តីពី សេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម ។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅអេហ្ស៊ីបវិញ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោក Sameh SHOUKRY ដើម្បីពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ នៅអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។

គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកបនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក ៕

To Top