ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងទម្លាក់ទុនប្រមាណ ១០០លានដុល្លារបន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ។
ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់កិច្ចខិតចំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានធ្វើឱ្យកម្ពុជាឈានដល់ដំណាក់កាលថ្មី គឺការបង្កើតពូជស្រូវថ្មី ដោយខ្លួនឯង ធានាទិន្នផលខ្ពស់ និងធន់អាកាសធាតុ។
សម្តេចតេជោ ក៏បានជំរុញឱ្យខិតខំកែច្នៃផ្ទៃដីទំហំមួយហិកតា ដែលអាចចិញ្ចឹមមនុស្សបាន៥-១៥ នាក់យ៉ាងតិច ខណៈមនុស្សកាន់តែមានចំនួនកើនឡើងជាបន្តបន្ទាប់។ សម្ដេចថា កម្ពុជានឹងប្រឹងប្រែងធ្វើស្រែឱ្យបានពីរដងក្នុងមួយឆ្នាំ លើផ្ទៃដីប្រមាណ៣លានហិកតា ឱ្យទទួលផលប្រាំមួយលានហិកតាក្នុងមួយឆ្នាំ។
លើសពីនេះ សម្ដេចតេជោ ក៏ជំរុញឱ្យផលិតពូជស្រូវសុទ្ធផ្ការំដួល ឱ្យបានគ្រប់តាមតម្រូវការទីផ្សារទាំង ក្នុងស្រុក និងក្រៅប្រទេស។សម្ដេច ក៏ប្រកាសដាក់ខេត្តចំនួន៤ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ជាប៉ូលសេដ្ឋកិច្ចទី៤ ហើយកម្ពុជានឹងអាចបង្កើតប៉ូលសេដ្ឋកិច្ចទី៥ នៅខេត្តភូមិភាគឦសាន លើផ្នែកកសិ-ឧស្សាហកម្ម។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «កម្ពុជានឹងទម្លាក់ទុនប្រមាណ១០០លានដុល្លារ បន្ថែមទៀត សម្រាប់ផលិតកម្មស្រូវ ក៏ស្នើយកគំរូក្រុមហ៊ុននៅថៃឈ្មោះCP ដែលចាត់ទុក «កសិករជាដៃគូជីវិត និងអ្នកប្រើប្រាស់ជាចៅហ្វាយ»៕