ភ្នំពេញ៖ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការ កងស្វ័យការពារជើងគោកជប៉ុន បានសម្តែងនូវការអបអរសាទរ ចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់ដំទ្បើងឋានន្តរសកិ្តជា “នាយឧត្តមសេនីយ៍” និងថា ឋានន្តរសកិ្តនេះពិតជាស័ក្តិសមនឹងស្នាដៃ និងសមិទ្ធផលចូលរួមចំណែក នៅក្នុងការដឹកនាំពង្រឹង កងយោធពលខេមរភូមិន្ទ ។
នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារតាមទូរស័ព្ទជាមួយ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ (YOSHIDA Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដោយជំនួបតាមទូរស័ព្ទនេះត្រូវបានធ្វើឡើងតាមសំណើរបស់ នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ នៅក្រោយដំណើរទស្សនកិច្ចផ្លូវការ របស់រូបលោកនៅកម្ពុជា កាលពីពាក់កណ្តាលខែកុម្ភៈ កន្លងទៅថ្មីៗនេះ។
ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកឡើងវិញ ប្រកបដោយការពេញចិត្ត ចំពោះវឌ្ឍនភាពរីកចម្រើន គួរទីមោទនៈ នៃទំនាក់ទំនងក្នុងកម្រិត កងទ័ពជើងគោក ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេច បាននូវការចុះហត្ថលេខាលើ ឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលនេះគឺជាសមិទ្ធផល កេរដំណែល រវាងមេបញ្ជាការកងទ័ពជើង គោកទាំងពីរ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ ទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាមរយៈយន្តកាអចិន្ត្រៃយ៍មួយនេះ សម្រាប់អ្នកបន្តវេនខាងមុខទៀត ស្របពេលដែល នាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថា រូបលោកនឹងត្រូវកាន់មុខតំណែងថ្មីជា អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការប្តេជ្ញាចិត្តរបស់ភាគីមិត្តជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន, ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្ស។
សមភាគីទាំងពីរ បានឯកភាពគ្នាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត តាមរយៈការប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តខ្លឹមសារនៃ TOR ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕