ព័ត៌មានជាតិ

មេទ័ពជើងគោក អរគុណមូលនិធិ នីប៉ុន ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់ ប្រជាជនកម្ពុជា

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណមូលនិធិ The Nippon Foundation ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់ប្រជាជនកម្ពុជា ។

ការថ្លែងអរគុណរបស់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី២៤ មីនា ។

ក្នុងជំនួបនេះ លោក យ៉ូហេ សាសាកាវ៉ា បានជម្រាបជូន នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពីសកម្មភាពការងារជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយ ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមានជាអាទិ៍៖ ការប្រយុទ្ធនឹងជំងឺហង់សិន, ការបោះពុម្ពសៀវភៅសិក្សា ភាសាអង់គ្លេសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត ដែលមានអាយុកាលប្រមាណ ៣០ ឆ្នាំ ហើយមកទល់ពេលនេះ សាលានេះក្លាយជាសាលា ដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសាកល និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិក្ខាកាមមក សិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទី ដ៏មានសារៈសំខាន់របស់កងស្វ័យការពារជប៉ុន នៅក្នុងប្រតិបត្តិការ ថែរក្សាសន្តិភាពក្រោមឆត្រអង្គការ សហប្រជាជាតិ នៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ក៏ដូចជាអំពីកិច្ចសហប្រតិបត្តិការល្អ ក្នុងការបោសសម្អាតមីន នៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ ។

លោកនាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមចំណែកយ៉ាង សកម្មរបស់មូលនិធិ The Nippon Foundation ក្នុងការជួយដល់ប្រជាជនកម្ពុជា តាមរយៈសកម្មភាព មនុស្សធម៌ និងគម្រោងនានា ជាច្រើននៅក្នុងវិស័យអប់រំ និងសុខាភិបាល ដែលនេះគឺជាការផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធរវាងប្រជាជន នៃប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា នឹងចងចាំទុកនូវចំណងមិត្តភាពដ៏ល្អ និងការជួយគ្នាទៅវិញទៅមកនេះ ៕

To Top