ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សថ្នាក់កណ្តាល ប្រកាសបញ្ចូលសមាជិកគណបក្ស ថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នាសាលមហោស្រពកោះពេជ្រ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ។

លោកបណ្ឌិត សូមស្វាគមន៍ និងចូលរួមអបអរសាទរចំពោះការសម្រេចចិត្តចូលរួមជីវភាព នយោបាយជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់ នៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រ ជាអាទិ៍ ៖ ការរំដោះប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត, ការសម្រេចបាននូវសុខសន្តិភាព ពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩ ។ ហើយការសម្រេចចិត្តដ៏សំខាន់នេះ ក៏បានចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីនាំនាវាកម្ពុជាទៅត្រើយសុភមង្គល និងអភិវឌ្ឍន៍ភាពរីកចម្រើនថែមទៀត។

លោក លើកឡើងថា យុវវ័យតែងទន្ទឹងរង់ចាំនូវអនាគតដ៏រុងរឿងសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលផ្តល់នូវសិទ្ធិសេរីភាព និងលំនឹងយូរអង្វែងជាមួយនឹង ឱកាសគ្រប់បែបយ៉ាង រួមមាន៖ ឱកាសសិក្សារៀនសូត្រ, ឱកាសការងារតាមជំនាញវិជ្ជាជីវៈ, ឱកាសប្រកបអាជីវកម្ម ដើម្បីមានជីវភាពធូធារ និងឱកាសរួមរស់ជាមួយគ្រួសារប្រកបដោយភាពកក់ក្តៅ និងសុភមង្គល។ ក្នុងន័យនេះ ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្ស សូមយុវជនជាសមាជិក-សមាជិកាបក្ស រួមគ្នាថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ ទន្ទឹមនេះ ក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះ ដឹង និងការកសាងសមត្ថភាព ឱ្យក្លាយជាធនធានមនុស្ស សម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិ របស់យើងឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខ។

លោកបណ្ឌិតបន្ថែមថា ប្រសិនបើយើងប្រលងធ្លាក់ យើងអាចប្រលងម្តងទៀតបាន ប៉ុន្តែបើជ្រើសរើសគណបក្ស នយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល ជាពិសេសហានិភ័យនៃការធ្លាក់ ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្មបំផ្លិចបំផ្លាញនានា ដូចដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្រ្ត ដ៏ជូរចត់របស់យើងរួចមកហើយ។

លោក ម៉ាណែត បន្តថា ក្នុងរយៈកាលជាង ៤០ ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ ដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ៕

















