ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថា ពាក្យស្លោក “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា ក្នុងគ្រាលំបាក” ជាតម្លៃស្នូលក្នុងក្រុម អតីតមិត្តរួមជំនាន់ សាលាបាក់ទូកក្នុងទសវត្សឆ្នាំ១៩៨០!

ភ្នំពេញ៖ ក្នុងរយៈកាលជិត១០ឆ្នាំចុងក្រោយកន្លងមកនេះ អតីតសិស្សសាលាបាក់ទូក ទសវត្សរ៍ឆ្នាំ១៩៨០មួយក្រុម ដែលផ្តួចផ្តើមប្រមូលផ្តុំឡើងតាមរយៈចងក្រងក្រុម ក្នុងប្រព័ន្ធWhatsApp និង Telegram ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើសកម្មភាពជាគំរូល្អៗជាច្រើន ក្នុងការជួយគ្នាទៅវិញទៅមក ជួយកសាងសមិទ្ធិផលក្នុងសាលា ជួយដល់អតីតលោកគ្រូអ្នកគ្រូ និងតែងប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូជារៀងរាល់ឆ្នាំ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង តែងតែលើកឡើងថា ការប្រមូលផ្តុំបង្កើតជាក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូកនេះ គឺក្នុងគោលបំណង រំឭកនូវអនុស្សាវរីយ៍ចាស់ៗ ដែលធ្លាប់មានជាមួយគ្នា និងដឹងពីសុខទុក្ខគ្នាទៅវិញទៅមក នៅពេលដឹងថាមានមិត្តណាជួបការលំបាកហើយខ្វះលទ្ធភាព ម្នាក់ៗក្នុងក្រុមតែងរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ជូនដល់មិត្តដើម្បីដោះស្រាយការលំបាក។

ដោយឡែកចំពោះ អតីតលោកគ្រូអ្នកគ្រូ គឺអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ ជួយដោយស្មើភាពគ្នា ប្រកបដោយមនោសញ្ចេតនាគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ដោយមិនគិតថា ពួកគាត់មានលទ្ធភាពឬមិនមានលទ្ធភាពនោះឡើយ។ ហើយកាយវិកាទាំងនេះ គឺតែងតែធ្វើជាប់ជាប្រចាំ មកជិត១០ឆ្នាំហើយ ស្របតាមពាក្យស្លោកក្រុមដែលបង្កើតឡើងរួមគ្នាថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ដែលពាក្យស្លោកនេះត្រូវបានលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ទុកថាគឺជាតម្លៃស្នូលរបស់ក្រុមអតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងទសវត្សឆ្នាំ១៩៨០។

ចុងក្រោយនេះ មានមិត្តម្នាក់ឈ្មោះ កង ចំរើន បានធ្លាក់ខ្លួនឈឺធ្ងន់ជាច្រើនសា ត្រូវបានមិត្តភក្តិរួមជំនាន់ នាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន សរុបបាន ជាង១ម៉ឺនដុល្លារ និងនាំយកទៅព្យាបាលនៅមន្ទីរពេទ្យរហូតបានធូរស្បើយ តែចុងក្រោយ នៅដើមខែមីនាឆ្នាំ២០២៣នេះ ក៏ស្រាប់តែជំងឺ លោក កង ចំរើន ងើបឡើងវិញខ្លាំង ត្រូវបានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ ទៅទទួលយករូបលោក យកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ក្រោមការជួយព្យាបាល យ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យអស់ជិត១ខែ និងមានការធានាទាំងស្រុង លើការខ្វះខាតផ្សេងៗពីក្រុមអតីតមិត្តរួមជំនាន់ តែក៏នៅមិនអាចជួយសង្រ្គោះជីវិតលោក បានឡើយ ដោយលោកបានទទួលមរណៈភាពកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ហើយពិធីបុណ្យសពលោក ត្រូវបានរៀបចំធ្វើឡើង ក្រោមការរ៉ាប់រងចំណាយទាំងស្រុងពីសំណាក់អតីតមិត្តរួមជំនាន់ ហើយនឹងបន្តរ៉ាប់រង រហូតដល់បុណ្យ៧ថ្ងៃ ឲ្យចប់រួចរាល់ផងដែរ៕

To Top