ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ(TYDA) នាថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣នេះ បានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ លោកតាលោកយាយ បងប្អូន កម្មករកម្មការីនី សរុបប្រមាណជិត២ពាន់នាក់ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យបឹងប្រីយ៍ ភូមិតាគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញ ចូលរួមជាកិត្តិយសពីសំណាក់លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោក ធឹម សំអាន អភិបាល នៃគណអភិបាលខណ្ឌព្រែកព្នៅ និងលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA។

លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានបញ្ជូនក្រុមការងារ និងគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយ បងប្អូនកម្មករកម្មការីនី ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ នាឱកាសដ៏វិសេសវិសាលនេះ។

លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្មTYDA បានថ្លែងថា តាងនាមឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ពិតជាសប្បាយរីករាយដែលបាន ចុះមកពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋលោកតាលោកយាយ បងប្អូន កម្មករកម្មការីនី និងបងប្អូនដែលប្រកបរបរក្រៅប្រព័ន្ធនាឱកាសនេះ។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី លោកតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ចំពោះសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ។ ដោយមានការមមាញឹកនិងកិច្ចការងារច្រើន លោកបណ្ឌិត និងលោកស្រី បានផ្តាំផ្ញើតាមរយះលោកឱ្យក្រុមការងារ ជួយយកចិត្តទុកដាក់ នៅក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ លោកតា លោកយាយ បងប្អូនទាំងអស់គ្នា ដោយការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពផងដែរ៕

























