ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ គ្មានការភ្ជួរបន្លែចោល នៅខេត្តកណ្តាល

ភ្នំពេញ៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្រាយបំភ្លឺ ចំពោះករណីចុះផ្សាយថា កសិករក្នុងខេត្តកណ្ដាល ភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារនោះ គឺជារឿងមិនពិតឡើយ។

អគ្គនាយកដ្ឋានកសិកម្ម លើកឡើងបែបនេះ ក្រោយពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានថា «កសិករនៅ ខេត្តកណ្តាល អស់សង្ឃឹមក្នុងការដាំដុះ ក្រោយភ្ជួរបន្លែចោលដោយសារគ្មានទីផ្សារ»។ អាស៊ីសេរីបន្តថា “កសិករនៅស្រុកស្អាង ខេត្តកណ្តាល លោក សំ សុគីន បានភ្ជួរបន្លែសាឡាដចំនួន៥តោន ចោលនៅថ្ងៃទី២៤ ខែមីនា មូលហេតុដែលលោកសម្រេចចិត្តភ្ជួរចោលនេះ ដោយសារតែមិនមានអ្នកទិញនៅចម្ការ។ លោកថា បើជួលគេដកដឹកទៅលក់ដល់ផ្សារដើមគរ នឹងទទួលបានតម្លៃ១គីឡូក្រាម តែ៥០០រៀលប៉ុណ្ណោះ ដែលថ្លៃនេះធ្វើលោកខាតមួយកម្រិតទៀត ខណៈលោកចំណាយដើមទុនអស់ជាង ៣លានរៀល ហើយការភ្ជួរចោលនេះធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរបស់លោកខ្លាំង” ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានកសិកម្មនាថ្ងៃទី២៦ មីនា បានឲ្យដឹងថា ការចុះផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី គ្មានភាពច្បាស់លាស់ ឲ្យអគ្គនាយកដ្ឋានកសិកម្មអាច ពិនិត្យដោះស្រាយបញ្ហាដូចដែលបាន លើកឡើងនេះឡើយ។

អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា «ជាក់ស្ដែងការលើកឡើងថា លោក សំ សុគីន បានភ្ជួរបន្លែសាឡាដចោលចំនួន៥តោននោះ គឺមិនពិតទេ ដោយសារការចុះស្រាវជ្រាវមិនបានរកឃើញថា ឈ្មោះ លោក សំ សុគីន បានឈូសសាឡាដចោលទេ តែលេចចេញកសិករឈ្មោះ ហេង នៅស្រុកកោះធំ ធ្លាប់បានឈូសចោលដំណាំសាឡាដ ដែលមានអាយុកាលចាស់សល់ពីការប្រមូលផល និងដាំចម្រុះជាមួយដំណាំត្រប់ ដើម្បីធ្វើការដាំដុះឡើងវិញ»។

អគ្គនាយកដ្ឋានកសិកម្មបន្ដថា ជារួមរាល់ការលើកឡើងរបស់វិទ្យុអាស៊ីសេរី មិនបានឆ្លុះបញ្ចាំងបច្ចុប្បន្នភាពរបស់ប្រជាកសិករ ដែលកំពុងដាំដុះដំណាំបន្លែ នៅខេត្តកណ្ដាលនោះទេ។

អគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងទៀត កសិករមានជម្រើសប្រឡូកនឹងទីផ្សារសេរី ដោយខ្លួនឯងដោយដាំដុះដំណាំ ដែលខ្លួនវាយតម្លៃថា ត្រូវនឹងទីផ្សារ ឬមានជម្រើស ធ្វើកសិកម្មតាមកិច្ចសន្យា។ ក្នុងករណីទី២ មន្ទីរកសិកម្ម រាជធានី-ខេត្តទាំង២៥ នឹងជួយធ្វើសាក្សីលើកិច្ចសន្យាកសិកម្មនេះ ដើម្បីធានាឲ្យនកសិករ អ្នកទិញធានាទីផ្សារ តាមពេលវេលាបានកំណត់។ ប៉ុន្តែកសិករក៏ត្រូវមានកាតព្វកិច្ច លក់ក្នុងថ្លៃដែលបានសន្យាដូចគ្នា។ នេះជាវិធីសាស្ត្រធានាទីផ្សារកសិផល មុនពេលធ្វើការដាំដុះ ៕

To Top