ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃម៉ារ៉ុក បានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង ។
ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោក Nasser BOURITA នៅថ្ងៃ២៧ មីនា ។
ក្នុងជំនួបនោះលោក Nasser BOURITA បានលើកឡើងពីវឌ្ឍនភាព ដ៏គួរឲ្យកត់សម្គាល់ កើតមាននៅកម្ពុជា ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានគូសបញ្ជាក់អំពីតម្រូវការ សម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ និងបានលើកឡើង ពីសក្តានុពល នៃការបង្កើតកិច្ចសហប្រតិបត្តការ សេដ្ឋកិច្ច ដោយឈរលើទីតាំងរៀងៗខ្លួន នៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។ ក្នុងទិសដៅនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានបង្ហាញឆន្ទៈក្នុងការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់ មួយនៅម៉ារ៉ុក ឬ នៅកម្ពុជា នាពេលអនាគត។
ចំពោះសំណើរបស់ម៉ារ៉ុក សុំចូលជាដៃគូសន្ទនា តាមវិស័យជាមួយអាស៊ាន ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ដល់សមភាគីម៉ារ៉ុកអំពី ការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា សម្រាប់ការវាយតម្លៃឡើងវិញដោយ លេខាធិការដ្ឋានអាស៊ានលើសំណើម៉ារុក ដោយគោរពតាម ដំណើរការនីតិវិធី និងកុងសង់ស៊ីសអាស៊ាន ។
ចំពោះបញ្ហានៅតំបន់សាហារ៉ា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីម៉ារ៉ុក និងគោរពកិច្ចខំប្រឹងប្រែងរបស់ម៉ារ៉ុក ដើម្បីឈានទៅដល់ការចរចានយោបាយ ចំពោះជម្លោះក្នុងតំបន់នេះ។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានឯកភាពធ្វើការពន្លឿនការចរចាបញ្ចប់ និង ឈានទៅរកចុះការហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមិនទាន់សម្រេច ចំនួន៣ផ្សេងទៀត រួមមាន៖កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងម៉ារ៉ុក-កម្ពុជា។ កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធរវាងម៉ារ៉ុក -កម្ពុជា និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច ។
លើសពីនេះទៅទៀត និងដោយផ្អែកលើគោលដៅ និងគោលបំណងរួមសម្រាប់ការ លើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចការផ្សេងទៀត សម្តេចតេជោនឹងអញ្ជើញ ទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ារ៉ុក តបតាមការ អញ្ជើញ របស់លោក Aziz AKHANNOUCH ប្រមុខរាជរដ្ឋាភិបាលម៉ារ៉ុក។
ជាមួយគ្នានោះលោក ប្រាក់ សុខុន ក៏បានស្នើអញ្ជើញលោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាពេលខាងមុខ។ លោក Nasser BOURITA បានទទួលយក នូវការអញ្ជើញនេះ ដោយក្តីសោមនស្សរីករាយ ៕