ព័ត៌មានជាតិ

កម្មវិធីសប្បុរសធ៌ម “បណ្ណាល័យខ្ញុំ” បានលេចឡើងជាថ្មី សម្រាប់សិស្សានុសិស្ស ក្នុងការសិក្សាស្រាវជ្រាវ បន្ទាប់ពីស្ថានភាព នៃជម្ងឺកូវីដ១៩បានធូរស្រាល

ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ បណ្ឌិត ទ្រី ចាន់ធុច អនុរដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅព្រឹកថ្ងៃទី ២៦ ខែមិនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ សាកលវិទ្យាល័យអាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិកៅស៊ុង នៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ និងសមាគមគីវ៉ានីស៍ នាំយកអំណោយសម្ភារៈ និងសៀវភៅអានទៅបំពាក់រៀបចំ ជូនជាបណ្ណាល័យ១បន្ទប់ នៅសាលា បឋមសិក្សា “សារ៉ាម” ស្ថិតក្នុងភូមិសារ៉ាម ឃុំពាំងល្វា ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។ នេះជាកម្មវិធី “បណ្ណាល័យខ្ញុំ” បានលេចឡើងជាថ្មី បន្ទាប់ពីស្ថានភាព នៃជំងឺកូវីត១៩ បានធូរស្រាល ដើម្បីជួយដល់សិស្សានុសិស្ស ក្នុងតំបន់ដាច់ស្រយាល ឲ្យមានភាពងាយស្រួល ក្នុងការសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹង ។

ស្ថិតក្នុងឱកាសនោះ លោកសាស្ដ្រាចារ្យ បណ្ឌិត ទ្រី ចាន់ធុច បាននាំមកនូវបណ្ដាំ ផ្ញើសួរសុខទុក្ខ និងនឹករលឹកបំផុត ពីសំណាក់សម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា ជាទីគោរពស្រលាញ់ បំផុត នៃប្រជាជនយើង, ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងផែនការ និងជាប្រធានក្រុមការងារ ចុះជួយខេត្តកំពង់ស្ពឺ និងឯកឧត្ដម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ មកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន នៅមូលដ្ឋានឃុំពាំងល្វាទាំងមូល ។ ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច ស្ថិរភាពសង្គម និងមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ។

លោកបណ្ឌិត បានមាន ប្រសាសន៍ថា អំណោយដ៏ថ្លៃថ្លានេះ គឺបានមកពីការចូលរួមរបស់ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប, សាកលវិទ្យាល័យជាតិ កៅស៊ុង នៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យា, សមាគមគីវ៉ានីស៍ និងសប្បុរសជននានា ដែលការរួមគ្នាបង្កើត បានជាកម្លាំងមនុស្សធ៌ម ជួយដល់ក្មួយៗ សិស្សានុសិស្ស ដែលមានការខ្វះខាតកន្លែងសមរម្យ និងឯកសារសិក្សាស្រាវជ្រាវ ។ នេះគឺជាវប្បធ៌មចែករំលែក ជួយគ្នាទៅវិញទៅមក សម្រាប់អ្នកដែលមានលទ្ធភាព ត្រូវជួយដល់ អ្នកទន់ខ្សោយ ខ្វះខាត ដើម្បីធ្វើឲ្យប្រជាជន ទាំងអស់បានរីកចំរើនទៅព្រមៗគ្នា និងជាការលើកទឹកចិត្ត ដល់សិស្សានុសិស្ស នៅទីនោះឲ្យខិតខំប្រឹងប្រែងរៀនសូត្របង្កើនចំណេះដឹង ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន ។

លោកបណ្ឌិត បានណែនាំឲ្យសិស្សានុស្សិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ ចាប់ពីថ្នាក់ដំបូងរហូតដល់ វិទ្យាល័យ និងបន្តទៅកម្រិតឧត្ដមសិក្សាទៀត ពីព្រោះថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិផងដែរ ។

គួរបញ្ជាក់ថា អំណោយដែលនាំយកទៅបំពាក់ នៅបណ្ណាល័យនោះ រួមមានទូរទស្សន៍១គ្រឿង, ម៉ាស៊ីនចាក់DVD១គ្រឿង, កង្ហារ៥គ្រឿង, អំពូលភ្លើង១០, ខ្សែភ្លើង១៦០ម៉ែត្រ, កម្រាលផ្លាស្ទីក ១០០ ម៉ែត្រក្រឡា, ទូដាក់និងតាំងសៀវភៅ៦, ធ្នើដាក់ស្បែកជើង១, សៀវភៅអាន និងរឿងនិទាន ១០០ក្បាល។ សម្រាប់សិស្សានុសិស្ស ២២៦នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅសរសេរ២ក្បាល, ប៊ិច២ ដើម, ខ្មៅដៃ១ និងជ័រលុប ១, លោកគ្រូ អ្នកគ្រូ ៧នាក់ ក្នុងម្នាក់ៗ ថវិកា ៣ម៉ឺនរៀល, ក្រុមជាង ១០ម៉ឺនរៀល ព្រមទាំងទឹកបរិសុទ្ធ និងអាហារថ្ងៃត្រង់ ផងដែរ ៕

To Top