ព័ត៌មានជាតិ

អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ សម្រេច៨០% នឹងបញ្ចប់ ចុងខែមិថុនា

ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំពិនិត្យ អំពីវឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ខណៈអគារនេះសម្រេចបាន៨០% នៃទំហំការងាររួមតាមកិច្ចសន្យា។

ចំពោះលទ្ធផលសរុបជារួម អគារនេះសម្រេចបាន ៨០% ធៀបនឹងកិច្ចសន្យា ត្រូវបាននាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារ ទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃ គូសបញ្ជាក់ប្រាប់។

នាឱកាសនោះ លោក សក់ សេដ្ឋា បានលើកឡើងថា «តាមគម្រោងសាងសង់អគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ នឹងបញ្ចប់ការងារសាងសង់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ» ។ លោកថា បើតាមការវាយតម្លៃ របស់គណៈកម្មការសាងសង់ អគារនេះនឹងបញ្ចប់ការងារ សាងសង់តាមកិច្ចសន្យា។

លើសពីនេះ លោករដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំក្រុមហ៊ុនសាងសង់រៀបចំប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀត ឲ្យបានត្រឹមត្រូវបំផុត ដើម្បីមានសោភ័ណ្ឌភាពស្អាតផងដែរ។ រដ្ឋលេខាធិការប្រចាំការបន្ថែមថា ក្រោយអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់រួចរាល់ហើយនោះ ទាមទារឲ្យមានការថែទាំយ៉ាងម៉ត់ចត់បំផុត។

ទន្ទឹមនឹងនោះ លោកបានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី យកចិត្តទុកដាក់ឲ្យបានខ្ពស់ ចំពោះការងារសាងសង់ និងធ្វើការចុះពិនិត្យដោយផ្ទាល់ ចំពោះកិច្ចការងារនៅសេសសល់ ដើម្បីឲ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឲ្យសំណង់មានភាពរឹងមាំ។

គម្រោងអគារទីស្ដីការថ្មី របស់ក្រសួងមហាផ្ទៃ ត្រូវបានសាងសង់ឡើងនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ អគារទីស្ដីការថ្មីនេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី ញ៉ែម សាខន ស ខេង។ អគារទីស្ដីការថ្មីនេះ ផ្នែកខាងមុខ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ ៕

To Top