ព័ត៌មានជាតិ

រួមគ្នាពង្រឹងការអនុវត្តច្បាប់ ការពារអ្នកប្រើប្រាស់ និងខសន្យាមិនសុចរិត ក្នុងវិស័យធនាគារ

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនៃកម្ពុជា បានប្រកាសពីការរួមគ្នា លើការអនុវត្តច្បាប់ការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិនសុចរិត ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិនាពេលថ្មីៗនេះ បានសង្កេតឃើញថា ការប្រើប្រាស់ទម្រង់ស្ដង់ដា នៃកិច្ចសន្យា របស់បុគ្គលធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឲ្យអ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយ នៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់ របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដានៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុចរិត ដើម្បីកេងយកចំណេញហួសហេតុ ពីអ្នកប្រើប្រាស់។

ប្រភពដដែល បន្ដថា ខសន្យាមិនសុចរិត ទាំងនោះមាន ជាអាទិ៍ ៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវ របស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញ ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឲ្យបុគ្គលធ្វើធុរកិច្ច អាចកែប្រែឬផ្លាស់ប្តូរចំណុច សំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញឬសេវា ឬកែប្រែខសន្យាសំខាន់ៗ នៃទម្រង់ស្តង់ដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឲ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់ និងខសន្យាដែលផ្តល់សិទ្ធិឲ្យបុគ្គល ធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយកិច្ចសន្យាតាមឆន្ទានុសិទ្ធិ របស់បុគ្គលធ្វើធុរកិច្ច ។

ដើម្បីគាំទ្រដល់ការអនុវត្តច្បាប់ ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម បានរៀបចំប្រកាស ស្ដីពីខសន្យាមិនសុចរិត សំដៅការពារ ផលប្រយោជន៍អ្នកប្រើប្រាស់ ទប់ស្កាត់ការបង្កើតទម្រង់ស្ដង់ដា នៃកិច្ចសន្យាដែលមិនសុចរិត និងមានលក្ខណៈកេងចំណេញពីអ្នកប្រើប្រាស់។ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយធនាគារជាតិនៃកម្ពុជា រៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ និង ប្រកាសស្តីពី ខសន្យាមិនសុចរិត» ជូនអ្នកចូលរួមចំនួន១៧០នាក់ មកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅកម្ពុជា។

ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិ បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តឲ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពីខសន្យាមិន សុចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឲ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព៕

To Top