កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា រួមជាមួយថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព នាងល្ងាចថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៣ បានអញ្ជើញបិទជំរំរបស់យុវជនខេត្តកំពង់ចាមក្រោមប្រធានបទ « បេះដូងយុវជនឌីជីថលក្នុងយុគ្គសម័យតេជោសន្តិភាព » បន្ទាប់ពីការបោះជំរំនេះ មានរយៈពេល ៧ ថ្ងៃស្ថិតនៅក្នុងបរិវេណវិទ្យាល័យ ជួន ណាត ក្នុងឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ការបោះជំរំយុវជនខេត្តកំពង់ចាមនេះ មានប្រតិភូយុវជនមកពី វិទ្យាល័យនានា នៅតាមបណ្តាក្រុង/ស្រុកទាំង ១០ ទូទាំងខេត្តកំពង់ចាម និងលោក លោកស្រី ជាថ្នាក់ដឹកនាំប្រតិភូយុវជន និងគណៈកម្មការរៀបចំជំរំ សរុបប្រមាណ ៦០០ នាក់។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ជាមោទនភាពដ៏ថ្លៃថ្លាបំផុតសម្រាប់ខេត្ត ក៏ដូចជាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានរៀបចំការបោះជំរំយុវជននេះឡើង ក៏ដូចជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ខេត្តរបស់យើងផងដែរ ។ ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍ និងបង្កើនសមត្ថភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឱ្យយុវជនចេះសង្កេត ចេះពិចារណាដោយ បង្កើនស្មារតីធ្វើការងារជាក្រុម ធ្វើសេចក្ដីសម្រេចចិត្តជាសមូហភាព ចេះស្រឡាញ់ ថែរក្សាការពារបរិស្ថាន ប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាពជាពិសេស
ការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍របស់យុវជន។
លោកអភិបាលខេត្តបន្តថា ជាការពិតណាស់ ការវិនិយោគលើយុវជនជាតម្រូវការចាំបាច់ ដើម្បីប្រទេសជាតិ មានធនធានមនុស្ស គ្រប់គ្រាន់សម្រាប់ជាកម្លាំងកសាង និងការពារសង្គមជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត តាមមាគ៌ានយោបាយប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តនិរន្តរភាពនៃបុព្វហេតុជាតិនេះជារៀងរហូត ។
ដើម្បីសម្រេចកិច្ចការដ៏មានសារៈសំខាន់នេះ ការងារអប់រំ និងការបណ្ដុះបណ្ដាល ពិសេស ការកសាងធនធានយុវជនប្រកបដោយថាមពល ផ្លូវកាយ ផ្លូវប្រាជ្ញា និងស្មារតីពោរពេញ ទៅដោយចំណេះដឹង ចំណេះធ្វើ ជំនាញដែលជាកត្តាកំណត់ នៃការប្រែក្លាយរាល់សក្ដានុពលភាព សេដ្ឋកិច្ច ជាកិច្ចការសំខាន់បំផុត ដើម្បីឈានទៅអភិវឌ្ឍប្រទេសជាតិតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជារបស់រាជរដ្ឋាភិបាល ៕