ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាផលិតស៊ីម៉ង់ត៍បានប្រមាណ៩លានតោនក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះសន្ទុះនៃការសាងសង់ របស់ប្រជាពលរដ្ឋមានច្រើននាបច្ចុប្បន្ន។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានផលិតស៊ីម៉ង់ត៍ ចំនួន៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់ក៏មានច្រើនជាងនេះ។
សម្ដេចតេជោបញ្ជាក់ថា «គ្រាន់តែស៊ីម៉ង់ត៍ មកដល់ពេលនេះ យើងផលិតខ្លួនឯងបានប្រមាណជា ៩លានតោន ប៉ុន្ដែ៩លានតោនហើយ មិនគ្រប់គ្រាន់ ដើម្បីប្រើទេ ព្រោះសន្ទុះនៃការសាងសង់ របស់ប្រជាពលរដ្ឋ ត្រូវការស៊ីម៉ងត៍ច្រើនណាស់។ បន្ថែមលើនោះ បច្ចុប្បន្ននេះ សូម្បីផ្លូវលំ និងផ្លូវតាមភូមិ ទាមទារឲ្យចាក់បេតុង អីចឹងទេ សេចក្ដីត្រូវការសម្ភារសំណង់កាន់តែធំ»។
សូមរំលឹកថា បច្ចុប្បន្នកម្ពុជា មានរោងចក្រស៊ីម៉ងត៍ចំនួន៥ កំពុងដំណើរ ដោយក្នុងចំណោម៥ក្រុមហ៊ុន មាន៤ក្រុមហ៊ុន មានទីតាំងស្ថិតក្នុងខេត្តកំពត និងមួយទីតាំងទៀត នៅក្នុងខេត្តបាត់ដំបង។ ចំពោះរោងចក្រទាំង៥ដែលកំពុងដំណើរការនេះ បានផលិតស៊ីម៉ងត៍ បម្រើលើវិស័យសំណង់ក្នុងស្រុក ប្រមាណជា ៩លានតោន ដោយអាចរកចំណូលសួយសារអាករ បានពីវិស័យស៊ីម៉ងត៍ប្រមាណ ៧លានដុល្លារក្នុងមួយឆ្នាំ៕
