ភ្នំពេញ ៖ ខណៈទឹកកំពុងបញ្ហាខ្វះខាត សម្រាប់ប្រជាពលរដ្ឋរស់នៅភ្នំពេញប្រើប្រាស់ ក្រុមប្រឹក្សារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីស្វែងរកដំណោះស្រាយ បន្ថែម ចំពោះបញ្ហាប្រឈមពាក់ព័ន្ធ នឹងការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញ ជាពិសេសការវិវត្តន៍ នៅដំណាក់កាលចុងក្រោយ ដែលបានធ្វើឲ្យតំបន់មួយចំនួន ប្រទះការខ្វះខាតទឹក។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ចេញនូវវិធានការមួយ ចំនួនបន្ថែមទៀត ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដែលបានធ្វើនាពេលកន្លងមក និងបានឆ្លើយតបមួយផ្នែកធំ ទៅនឹងបញ្ហាប្រឈមធ្លាប់បានជួបប្រទះ។
លោកថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ចូលរួមអន្តរាគមន៍បានទាន់ពេលវេលា ដើម្បីដោះស្រាយបញ្ហាប្រឈម ជាក់ស្តែងលើការងារ ផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលកន្លងមកផងដែរ ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចឲ្យវិធានការទាំងអស់កាន់តែមានប្រសិទ្ធភាព ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបអាជីវកម្ម ដែលប្រើប្រាស់ទឹកក្នុងបរិមាណច្រើន ក៏ដូចជាប្រជាពលរដ្ឋ ស្ថិតនៅតំបន់មានសំពាធ ទឹកខ្ពស់ស្រាប់ គឺជាកត្តាមួយដ៏ចាំបាច់។
លោកបញ្ជាក់ថា ការចូលរួមនេះ អាចធ្វើឡើងតាមរយៈការកាត់បន្ថយការប្រើប្រាស់ទឹក ដែលមិនចាំបាច់ ឬ ការបញ្ឈប់ការប្រើប្រាស់ទឹកខ្ជះខ្ជាយ ដែលយកទឹកស្អាតទៅលាងឡាន ម៉ូតូ ស្រោចដំណាំជាដើម ៕