ព័ត៌មានជាតិ

សម្តេចតេជោ បង្ហើបថា នាយករដ្ឋមន្រ្តីកូសូវូល ធ្លាប់បានស្នើសុំជួបសម្តេច តែសម្តេចមិនព្រម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្រ្តីកូសូវូលដែល បានបំបែកចេញពីប្រទេសហ្សែប ធ្លាប់បានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចមិនឆ្លើយតបចំពោះសំណើនេះទេ។

ការមិនឆ្លើយតបនឹងសំណើសុំជួបនេះ ដោយសារសម្តេចមិនយល់ស្រប នឹងគោលការណ៍បំបែករដ្ឋ របស់កូសូវូលចេញពីហ្សែប ។

ចំពោះការបង្ហើប និងទម្លាយអំពីការមិនយល់ព្រម ជួបនាយករដ្ឋមន្រ្តីរបស់កូសូវូលនេះ ដោយសារក្រុមប្រឆាំងកម្ពុជា នៅក្រៅប្រទេសលើកឡើងថា ក្នុងពេលសម្តេចធ្វើដំណើរទស្សនកិច្ច នៅបារាំងបានចោទប្រកាន់ថា សម្តេចសុំជួបលោក ម៉ានូអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង ទើបប្រធានាធិបតីព្រមជួប តែសម្តេចថា ការពិតជាក់ស្តែងមិនចឹងទេ បើប្រធានាធិបតីមិនចង់ជួបហើយ ស្នើសុំយ៉ាងណាក៏មិនព្រមដែរ ។

ដោយសារចំណុចនេះហើយ ទើបសម្តេចទាញភ្ជាប់ជាមួយករណី សម្តេចរឿងនាយករដ្ឋមន្រ្តីកូសូវូល សុំជួបសម្តេចតែសម្តេចមិនព្រម ។

សម្តេចនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា “យើងក៏ដូចគ្នា នាយករដ្ឋមន្រ្តីកូសូវូល និងរដ្ឋមន្រ្តីការបរទេសកូសូវូលធ្លាប់ចូលដល់កម្ពុជា ដោយទាំងខ្ញុំមិនបានដឹងផង ព្រោះមកជាអ្នកទេសចរណ៍ ប៉ុន្តែក្រោយមកខ្ញុំបានប្រាប់ថា អត់ឲ្យចូលទេ ។ នាយករដ្ឋមន្រ្តីកូសូវូលធ្លាប់បានសុំជួបខ្ញុំ នៅអង្គការសហប្រជាជាតិ តែខ្ញុំអត់ឆ្លើយ ព្រោះខ្ញុំប្រឆាំងគោលការណ៍របស់ខ្ញុំ គឺប្រឆាំងគោលការណ៍បំបែករដ្ឋ ។ កូសូវូលបំបែកចេញពីហ្សែប ចឹងកម្ពុជាអត់ទាន់ទទួលស្គាល់ទេ ចឹងមិនអនុញ្ញាតឲ្យមន្រ្តីកម្ពុជាជួប” ៕

To Top