ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នឹងអនុម័តផែនការទសវត្សសុវត្ថិភាពចរាចរណ៍

ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តនូវផែនការទសវត្សសុវត្ថិភាពចរាចរណ៍ ទុកជាផែនទីបង្ហាញផ្លូវមួយ ក្នុងទិសដៅពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

នាឱកាសអញ្ជើញ ទទួលជួបលោក Graeme Buckley ប្រធានអង្គការ ILO ប្រចាំកម្ពុជា នាថ្ងៃ២៩ មីនា សម្ដេច ស ខេង បានថ្លែងអំណរគុណ ចំពោះអង្គការ ILO បានគាំទ្រតាមរយៈគម្រោងផ្សេងៗ ដល់ការលើកកម្ពស់សមត្ថភាពផ្លូវថ្នល់។

សម្ដេចមានប្រសាសន៍ថា «នាពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តនូវផែនការ ទសវត្សសុវត្ថិភាពចរាចរណ៍ ដែលជាផែនទីបង្ហាញផ្លូវមួយ ដ៏មានសារៈសំខាន់ ក្នុងទិសដៅពង្រឹងសុវត្ថិភាព ចរាចរណ៍ផ្លូវគោក»។

សម្ដេចបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែរៀបចំសេចក្ដីព្រាង ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដើម្បីឆ្លើយតបឲ្យបានសមស្រប ទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គមរបស់កម្ពុជា។ សម្ដេច សង្ឃឹមជឿជាក់ថា ផ្អែកលើមូលដ្ឋាននៃលិខិតបទដ្ឋានគតិយុត្តិទាំងនេះ អង្គការ ILO នឹងនៅតែបន្តជួយគាំទ្របន្ថែមទៀត ទៅដល់ការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងវិស័យដទៃទៀតដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាលកម្ពុជា។

នាឱកាសនោះ លោកប្រធានអង្គការ ILO លើកឡើងអំពីគម្រោងមួយ ដែលគាំទ្រដល់ការងារលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ គឺការពាក់ព័ន្ធទៅនឹងការដឹកជញ្ជូន កម្មករតាមបណ្ដារោងចក្រ ដែលគម្រោង របស់អង្គការ ធ្វើយ៉ាងណាលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពផ្លូវថ្នល់ ក្នុងការដឹកជញ្ជូនកម្មករដោយប្រើ មធ្យោបាយប្រកបដោយសុវត្ថិភាព ៕

To Top