ព័ត៌មានជាតិ

កម្ពុជានិងដៃគូ២ទៀត ចុះហត្ថលេខា លើគម្រោងសិក្សាស្រាវជ្រាវ ការកសាងកេរ្តិ៍ឈ្មោះម៉ាក

ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ បានចុះហត្ថលេខា លើអនុស្សារណៈកិច្ចសហប្រតិបត្តិការ ស្តីពីគម្រោងសិក្សាស្រាវជ្រាវ ការកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្ម ប្រទេសជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងលោកKOICHI HAMANO ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្ម នៃប្រទេសជប៉ុន, លោកសាស្ត្រាចារ្យ HIDETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា ។

នាឱកាសនោះ លោករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញចក្ខុវិស័យ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឲ្យក្លាយជា ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ការណ៍នេះបានធ្វើឲ្យកម្មសិទ្ធិបញ្ញា ជាឧបករណ៍ចាំបាច់ដែលជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពការប្រកួតប្រជែងរបស់ប្រទេស តាមរយៈការជំរុញលើកទឹកចិត្តឲ្យមានការផ្ទេរបច្ចេកវិទ្យា គាំទ្រដល់ការច្នៃប្រឌិត ជំរុញនវានុវត្តន៍ និងលើកកម្ពស់ផលិតផលក្នុងស្រុក។

លោករដ្ឋមន្ត្រី បានបង្ហាញ សុទិដ្ឋិនិយមថា អនុស្សារណៈកិច្ចសហប្រតិបត្តិការ ត្រីភាគីនេះ នឹងរួមចំណែកជួយពង្រឹង សមត្ថភាពមន្ត្រីរាជការ ក្នុងផ្នែកស្រាវជ្រាវ ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា និងពង្រីកការ យល់ដឹង របស់វិស័យឯកជននៅកម្ពុជា អំពីកម្មសិទ្ធិបញ្ញា ជាពិសេសវិធីសាស្ត្រ កសាងកេរ្តិ៍ឈ្មោះម៉ាកឲ្យកាន់តែមាន ភាពល្បីល្បាញ បន្ថែមទៀត។

ជាការឆ្លើយតប លោក KOICHI HAMANO លើកឡើងថា ការកសាងម៉ាកផលិតផល និងគំនូរឧស្សហ៍កម្ម មានសារៈសំខាន់ប្រកួតប្រជែងពាណិជ្ជកម្ម។ លោកក៏មានបំណងចង់ឃើញផលិតខ្មែរជាច្រើនបន្ថែមទៀតនៅលើទីផ្សារជប៉ុន។ ហេតុនេះ តាមរយៈអង្គភាពប្រកាសនីយបត្រតក្កកម្ម ជប៉ុន នឹងបន្តគាំទ្រដល់ការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា ដើម្បីជំរុញកេរ្តិ៍ឈ្មោះផលិតផលខ្មែរកាន់តែមានភាពរីកចម្រើន និងល្បីល្បាញបន្ថែមទៀត។

ក្នុងឱកាសនោះដែរ លោកសាស្ត្រាចារ្យ ETOSHI NISHIMURA ប្រធានវិទ្យាស្ថានស្រាវជ្រាវ សេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា បានបង្ហាញចំណាប់អារម្មណ៍ជាខ្លាំង ចំពោះការវិវិឌ្ឍវិស័យឌីជីថល និងឥទ្ធិពលរបស់កម្មសិទ្ធិបញ្ញា នៅក្នុងការគាំទ្រឲ្យមាននវានុវត្តភាព និងជំរុញធុរកិច្ចនៅកម្ពុជា ៕

To Top