ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និង ពិភាក្សាការងារ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាង ប្រទេសទាំងពីរចក្រភពអង់គ្លេស-កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ទេសចរណ៍, អប់រំ និងការបោសម្អាតមីន ហើយឆ្នាំ២០២៣ ប្រទេសទាំងពីរក៏គ្រោងរៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីអបអរសាទរខួបលើកទី ៧០ឆ្នាំនៃចំណងការទូតផងដែរ។ ដោយទ្បែក ចំពោះវិស័យការពារជាតិវិញ លោកឯកអគ្គរាជទូត បានបង្ហាញនូវការប្តេជ្ញាចិត្ត ក្នុងការបន្តនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ដូចដែលស្តែងឡើង តាមរយៈការចាប់ផ្តើមចូលចតនាវា របស់កងទ័ពជើងទឹកចក្រភពអង់គ្លេស កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ជាពិសេសការចូលរួមរបស់ចក្រភពអង់គ្លេស នៅក្នុងដំណើរការសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូចជាតាមរយៈការបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP ជាដើម។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងផងដែរអំពីសក្តានុពល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន រួមមាន៖ វិស័យយោធា, វិស័យសុខាភិបាល និងការភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជា សំដៅធ្វើយ៉ាងណាជំរុញការភ្ជាប់ទំនាក់ទំនង ឱ្យកាន់តែជិតស្និទ្ធរវាងប្រទេស និងប្រជាជនទាំងពីរបន្ថែមទៀត។

ជាចុងក្រោយ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះ រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងសូមគាំទ្រចំពោះទិសដៅ ទៅមុខរបស់រដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងការពារជាតិ ដែលជាកិច្ចសហប្រតិបត្តិការ បែបយុទ្ធសាស្ត្រដ៏សំខាន់ ៕


