ព័ត៌មានជាតិ

លោក បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ

" "

ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន កម្ពុជា និង ជាប្រធានយុវជនគណបក្ស ថា្នក់កណ្តាល ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ជាសមាជិក សមាជិកាគណបក្ស ក្រោមឱវាទមន្ទីរអប់រំ យុវជន និង កីឡា រាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ ។

លោក ម៉ាណែត សូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង កន្លងមករបស់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា, ជាពិសេសចំពោះការលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងសីលធម៌ ស័ក្តិសមជាសសរទ្រូងដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

" "

លោកបណ្ឌិត លើកឡើងថា តាមរយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ, កម្ពុជាបានទទួលនូវសុខសន្តិភាពពេញលេញ, ឯកភាពជាតិ និងទឹកដីទាំងស្រុង ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ ប្រទេសឡើងវិញលើគ្រប់វិស័យ ជាពិសេសការកសាងឡើងវិញនូវធនធានមនុស្ស ដោយចាប់ផ្តើម ពីបាតដៃទទេ។ ពេលនោះ យើងមិនមានធនធានគ្រូបង្រៀន គ្រប់គ្រាន់ ដើម្បីបង្រៀនដល់កុមារ និងប្រជាជនដែល ទើបត្រូវបាន រំដោះចេញពី របបប៉ុលពត ដោយសារអ្នកចេះដឹង និងបញ្ញវន្តស្ទើរទាំងអស់ ត្រូវបានសម្លាប់ ហើយមិនតែប៉ុណ្ណោះ យើងក៏បានជួបប្រទះនូវការ ខ្វះខាតស្ទើរគ្រប់បែបយ៉ាង ទាំងថ្នាក់រៀន, តុ, កៅអី, ក្តារខៀន និងសូម្បីតែដីស ។ ដូច្នេះក្នុងដំណាក់កាលនោះ គឺយើងអាចបានត្រឹមតែ អនុវត្តនូវគោលនយោបាយ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច, អ្នកចេះតិច បង្រៀនអ្នកមិនចេះ» តែប៉ុណ្ណោះ ដើម្បីដោះស្រាយជាបន្ទាន់នូវ «គ្រោះមិនចេះអក្សរ» នៅក្នុងសង្គមជាតិយើង។

" "

លោកបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានទស្សនាទានថា ការសិក្សាប្រកបដោយគុណភាព គឺជាឱកាសដែលកុមារកម្ពុជា គ្រប់រូបៗ ត្រូវទទួលបានដូចៗគ្នា។ ក្នុងទិសដៅនេះ រាជរដ្ឋាភិបាលបានខិតខំពង្រីក វិស័យអប់រំឱ្យកាន់តែកៀក ជិតបំផុតនៅតាមមូលដ្ឋាន តាមរយៈការកសាងសាលារៀន និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវថ្នល់ និងស្ពាន ជាដើម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស។ រាជរដ្ឋាភិបាល ក៏បានរៀបចំ និងដាក់ឱ្យអនុវត្តនូវគោលនយោបាយជាតិ និងការកែទម្រង់ជាច្រើន ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ដូចជា៖ ផែនការយុទ្ធសាស្រ្តវិស័យអបរំ ឆ្នាំ២០១៩-២០២៣, ផែនទីបង្ហាញផ្លូវការអប់រំកម្ពុជាឆ្នាំ២០៣០ និងជាពិសេសការកែទម្រង់ការប្រឡងក្រោមពាក្យស្លោក «អ្នកចេះ គឺជាប់»។

លោកបន្ថែមថា សម្រាប់ពេលបន្តទៅមុខទៀត ក៏នឹងមានបន្ថែមនូវការយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំ ជាពិសេសការផ្តោត សំខាន់ទៅលើការអប់រំជំនាន់ថ្មី ដោយមានការដាក់បញ្ចូលកម្មវិធីសិក្សាតាមបែបវិទ្យាសាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និងគណិតវិទ្យា (STEAM) និងការពង្រឹងអភិបាលកិច្ចក្នុងវិស័យអប់រំចំណេះដឹងទូទៅ។ ស្របពេលនឹងការគិតគូរបង្កើនថវិកាសម្រាប់វិស័យអប់រំដល់ទៅជាង ១១% ធៀបនឹងឆ្នាំ២០២២, រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានឹងផ្សារភ្ជាប់ការពង្រឹងអភិបាលកិច្ចនេះ ទៅនឹងការពង្រឹងសមត្ថភាព គុណវុឌ្ឍិ និងសេចក្តីថ្លៃថ្នូរ របស់លោកគ្រូ-អ្នកគ្រូ ក៏ដូចជានាយក និងគណៈគ្រប់គ្រងសាលាគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការពង្រឹងការធ្វើអធិការកិច្ច និងការដាក់ចេញនូវប្រព័ន្ធលើកទឹកចិត្ត ដែលផ្អែកលើសមិទ្ធកម្មការងារ និងគុណាធិបតេយ្យ។

លោក ម៉ាណែត សូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកា នៃគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជារាជធានីភ្នំពេញ និងអង្គការចាត់តាំងចំណុះគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញតួនាទីភារកិច្ច យ៉ាងសកម្មក្នុងបុព្វហេតុឥតងាករេ គឺការបម្រើប្រជាជន និងកសាងប្រទេសជាតិឱ្យរីកចម្រើនរុងរឿងយូរអង្វែងតទៅ។ ពិតណាស់ ភាពសុខសាន្តត្រាណ ដូចពេលបច្ចុប្បន្ន គឺបានកើតចេញពីការលះបង់ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែងស្ថិត នៅជាមួយប្រជាពលរដ្ឋ និងនៅតែបន្តធ្វើអ្វីៗសព្វបែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព, សេរីភាព, វិបុលភាព និងវឌ្ឍនភាព សម្រាប់ប្រជាជន និងប្រទេសដ៏កំសត់របស់យើង ដែលធ្លាប់ទទួលរងវិនាសកម្ម និងជម្លោះបែកបាក់ជាច្រើនសតវត្សរ៍កន្លងមកហើយ៕

To Top