ព័ត៌មានជាតិ

សម្តេចតេជោ៖ ក្រុមប្រឆាំងដែលតែងតែ ជេរប្រមាថគណបក្សប្រជាជន គឺមានតែច្បាប់ និងប្រើកំលាំងឆ្លើយតបទៅពួកគេ

ភ្នំពេញ៖ ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ទៅកាន់ក្រុមប្រឆាំង ដែលតែងតែជេរប្រមាថ គណបក្សប្រជាជនកម្ពុជា មានជម្រើសចំនួនពីរសម្រាប់ ឆ្លើយតបទៅពួកគេវិញ គឺវិធានការផ្លូវច្បាប់ និងប្រើកំលាំង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូង ឃ្មុំនាព្រឹកថ្ងៃទី៣ មេសា ឆ្នាំ២០២៣ សម្តេចតេជោបានគូសបញ្ជាក់ថា «តើវាស្លាប់ទៅអីឬ បើមិនបានជេរប្រមាថគេ លក់តែនំខ្លួន ផ្សាយតែគោលនយោបាយខ្លួនទៅ។ តែឥឡូវមាន ជម្រើស មាន២គឺទី១.ប្រើប្រាស់ផ្លូវច្បាប់ និងទី២.បើប្រាស់កំលាំងតើ យកមួយណា?តែយើង យកប្រើប្រាស់ច្បាប់ មិនយកប្រើហិង្សាទេ»។

សម្តេចតេជោបានលើកឡើងថា ការប្រើប្រាស់ផ្លូវច្បាប់នេះ ដើម្បីការពារកិត្តយកហើយការ ប្រើប្រាស់ផ្លូវច្បាប់នេះមិនមែនប្រើតែក្នុងប្រទេស គឺប្រើលើឆាកអន្តរជាតិផងដែរ។ សណ្តាប់ធ្នាប់ពិភពលោកគេធ្វើគោរព ដោយច្បាប់ មិនមែនធ្វើដោយកំលាំងនោះទេ។

ការលើកឡើងរបស់សម្តេចតេជោនេះ បន្ទាប់ពីមានសមាជិកគណបក្សប្រឆាំងមួយចំនួន តែងតែធ្វើការវាយប្រហារមកលើ គណបក្សប្រជាជនកម្ពុជាដែលជា បក្សកាន់អំណាចពេលកន្លងមក។

យ៉ាងណាក្តី បន្ទាប់ពីមានការប្រមាថ ជាច្រើនលើកមកគេឃើញថា សកម្មភាពជេរប្រមាថពីសំណាក់ ក្រុមប្រឆាំងនៅក្នុងប្រទេសមានសភាពស្ងប់ស្ងាត់ ប៉ុន្តែនៅក្រៅប្រទេសវិញ នៅតែបន្តរិះគន់ផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែក ក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមិនមានភ័យខ្លាច ពីការគំរាមកំហែងនោះទេ។ ពោលគឺការបោះឆ្នោត នៅខាងមុខនេះនឹង ប្រព្រិត្តទៅគ្មានការគំរាមកំហែង ត្រឹមត្រូវ យុត្តិធម៌ ហើយនឹងទទួលយកបានពីគ្រប់ភាគី។

ជាងនេះសម្តេចតេជោក៏សង្ឃឹមថា ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំ រាជរដ្ឋាភិបាលបន្តទៀត ហើយសម្តេចថា មានគណបក្សប្រជាជនដឹកនាំ រដ្ឋសភានឹងមានការអភិវឌ្ឍ មានស្ថេរភាពនយោបាយ គ្មានភាពវឹកវរ និងវិបត្តិក្នុងសង្គម ៕

To Top