ព័ត៌មានជាតិ

សម្ដេចតេជោ ៖ គ្រប់សាសា គួរឲ្យសិស្សច្រៀងបទ នគររាជ ដោយផ្ទាល់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំសាលារៀនទាំងអស់ គួរឲ្យសិស្សានុសិស្សច្រៀងបទ«នគររាជ» ដោយផ្ទាល់ នៅពេលគោរពទង់ជាតិ ជៀសជាងចាក់ភ្លេង។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន មានការព្រួយបារម្ភ នៅពេលចាក់ភ្លេងគោរពទង់ជាតិម្តងៗ ព្រោះ សម្តេចបានធ្លាប់ជួបប្រទះ ក្នុងកម្មវីធីមួយចំនួនដល់ពេលគោរពទង់ជាតិ ចាក់ភ្លេងជាតិបទនគររាជ បែរជាចេញបទភ្លេងផ្សេងទៅវិញ។

សម្ដេចតេជោ បញ្ជាក់ថា «បើសិនជាគ្រប់សាលាទាំងអស់ គឺចាប់ផ្តើមឲ្យកូនសិស្សគោរពទង់ជាតិ រួចហើយគឺឲ្យច្រៀងផ្ទាល់ (បទនគររាជ) ទាហានប្រជុំជួរក៏ត្រូវឲ្យធ្វើអាហ្នឹង ដើម្បីយើងលំហាត់ឡើងវិញ នេះគឺជារឿងដែលយើងគួរធ្វើ ហើយចម្រៀងរបស់យើង មានអត្ថន័យខ្លាំងណាស់ សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលព្រះអង្គតាក់តែង»។

សូមរំលឹកថា បទភ្លេងជាតិ នគររាជ បាននិពន្ធឡើងដោយ សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ ជួន ណាត បានបង្កប់នូវអត្ថន័យយ៉ាង ច្រើនសម្រាប់ប្រជាជាតិខ្មែរ ។ បទនគររាជ ជាបទភ្លេងជាតិ ពិតជាបង្កប់នូវអត្ថន័យយ៉ាងវិសេស វិសាលណាស់ និងបានជ្រួលជ្រាបយ៉ាងជ្រាលជ្រៅ ជាទីបំផុត ទៅក្នុងក្រអៅដួងចិត្ដកុលបុត្រ កុលធិតាខ្មែរគ្រប់ៗជំនាន់ ឲ្យរំភើបញាប់ញ័រ រហូតស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ទៀតផង៕

To Top