ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាដៃគូសំខាន់ និងគាំទ្រមិនឲ្យប្រទេសមហាអំណាច លូកដៃចូល កិច្ចការផ្ទៃក្នុងប្រទេសនីមួយៗ ។
ក្នុងសម្ពោធដាក់ឲ្យ ប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ បានប្រកាសគាំទ្រ ចំពោះប្រសាសន៍របស់លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលលើកឡើងថា ហាមមហាអំណាច លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន ហើយសម្តេចតេ ជោចាត់ទុកលោក អាន់វ៉ា ពេលនេះគឺជាដៃគូដ៏ល្អ របស់សម្តេចតែម្តង។
សម្តេចតេជោបានលើកឡើងដូច្នេះថា «ប៉ុន្មានថ្ងៃមុន គាត់បានប្រកាសថា ប្រទេសមហាអំណាចគួរបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ រឿងអីរឿងរបស់កម្ពុជា ហើយលូកដៃមកទាំងបំពាន»។
សម្តេចតេជោ បានបង្ហើបថា នាពេលកន្លងទៅ មាន ប្រទេសមហាអំណាចមួ យចំនួនបានមកប្រដៅកម្ពុជា អំពីប្រជាធិបតេយ្យ និងការបែងចែក អំណាចសម្រាប់ ស្ថាប័ន ទាំងបី ប៉ុន្តែក្រោយមកទៀតពួកគេបែរមកលូកលាន់នៅក្នុងកិច្ចការងារតុលាការទៅវិញ ហើយ មកបង្ខំនាយករដ្ឋមន្ត្រី ឬមន្ត្រីរាជរដ្ឋាភិបាល ឲ្យទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ។
សម្តេចតេជោបានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «អីចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអីចឹង និងម្ខាងអ្នកឯងមកសង្កត់ខ្ញុំអញ្ចុះ»។
ជាមួយគ្នានោះដែរ សម្តេចថា ក្នុងកិច្ចការរបស់កម្ពុជា កម្ពុជាត្រូវមានជំហរឯករាជ្យរបស់ខ្លួន និងត្រូវមានដៃគូទូលំទូលាយ គ្រប់មុខព្រួញទាំងអស់ ហើយកម្ពុជាអត់ធ្វើសត្រូវ នឹងប្រទេសណាទេ៕