ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជាសមាជិកក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ តំណាងកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី រួមជាមួយប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ និងដៃគូផ្សេងទៀត នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ត្រៀមសម្រាប់កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ (Mekong River Commission-MRC) ថ្នាក់នាយករដ្ឋមន្រ្តី លើកទី៤ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់ទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំ បានស្តាប់នូវសមិទ្ធផលសំខាន់ៗ ដែល MRC សម្រេចបានចាប់តាំងពីកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងឆ្នាំ២០១៨ និងបានជ្រួតជ្រាប អំពីសេចក្តីព្រាងសេចក្តីថ្លែងការណ៍ក្រុងវៀងច័ន្ទ នៃកិច្ចប្រជុំកំពូល MRC លើកទី៤ ដែលបានពិភាក្សា និងមានការឯកភាពគ្នា ក្នុងចំណោមប្រទេសជាសមាជិក ដែលនឹងដាក់ជូនប្រមុខរដ្ឋាភិបាលនៃប្រទេសជាសមាជិក ពិនិត្យ និងអនុម័តក្នុងកិច្ចប្រជុំកំពូលពេញអង្គ លើកទី៤ ។ ប្រធានគណៈប្រតិភូថ្នាក់រដ្ឋមន្រ្តី នៃប្រទេសជាសមាជិក តំណាងជាន់ខ្ពស់នៃប្រទេសដៃគូសន្ទនា (ចិន និងមីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ ព្រមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត បានធ្វើការផ្លាស់ប្តូរ និងពិភាក្សាគ្នាលើទស្សនៈ ស្តីពីការលើកកម្ពស់ផ្នែកនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ សម្រាប់ទន្លេមេគង្គដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព ។
នៅក្នុងចំណាប់អារម្មណ៍ ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានលើកឡើងនូវបញ្ហាប្រឈមដែលបាននិងកំពុងកើតមានក្នុងអាងទន្លេមេគង្គ ដូចជាតម្រូវការទឹក និងសន្ទុះនៃការអភិវឌ្ឍមានការកើនឡើងឥតឈប់ឈរ និងការគំរាមគំហែងដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងកត្តាជាច្រើនផ្សេងទៀតផងដែរ ដែលទាំងនេះ ទាមទារឲ្យមាននូវការឆ្លើយតបផ្នែកគោលនយោបាយ និងបច្ចេកវិទ្យាតាមបែបនវានុវត្តន៍ ផ្តោតលើបរិបទ និងប្រកបដោយបរិយាប័ន្ន ។
ដើម្បីរួមគ្នាដោះស្រាយ និងជម្នះចំពោះភាពប្រឈមនានាក្នុងបរិបទដែលមានការប្រែប្រួលនេះ និងដើម្បីធានានូវការអភិវឌ្ឍប្រកបដោយចីរភាព មានវិបុលភាពផ្នែកសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម ដោយរក្សាបាននូវនិរន្តរភាពផ្នែកបរិស្ថានក្នុងតំបន់មេគង្គ លោករដ្ឋមន្រ្តី បានរំលេច និងសង្កត់ធ្ងន់អំពីភាពចាំចាច់នៃការបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូឲ្យកាន់តែជិតស្និត ក្នុងចំណោមប្រទេសមេគង្គ និងជាមួយដៃគូពាក់ព័ន្ធនៅគ្រប់កម្រិត ។
លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីបន្តកិច្ចសហការ និងការធ្វើការរួមគ្នាជាមួយប្រទេសមេគង្គផ្សេងទៀត សម្រាប់អាងទន្លេមេគង្គប្រកបដោយចីរភាព និងមានភាពធន់ ។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូល MRC លើកទី៤ ដែលនឹងប្រារព្ធធ្វើនាថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ សម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួម ដែលក្នុងសមាសភាពគណៈប្រតិភូចូលរួមអមសម្តេចតេជោ រួមមាន ៖ លោករដ្ឋមន្រ្តី លឹម គានហោ ផងដែរ៕