ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានកិត្តិយស គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយ ផលិតផលមួយ បានណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋាន មានការកែច្នៃផលិតផលនានា ដើម្បីលើកកម្ពស់ជីវភាពប្រជាជន កាន់តែល្អប្រសើរ។
តាមរយៈសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអបអរសាទរទិវាជាតិ លើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» បានឲ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ដ្រគន្លឹះៗជាច្រើន សំដៅលើកកម្ពស់ សុខុមាលភាពសង្គម និងជំរុញកំណើនសេដ្ឋកិច្ច។
សម្ដេចតេជោ បញ្ជាក់ថា «ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈសមស្របតាមភូមិឋាន ជាពិសេសស្រូបយកនូវផលិតផលកសិកម្មកែច្នៃជាចំណីអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗ សម្រាប់បម្រើទីផ្សារក្នុងស្រុក និងក្រៅប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង ស្របតាមគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ»។
សម្ដេចតេជោ បន្ដថា គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តសហការគ្នារៀបចំ ប្រកបដោយប្រសិទ្ធភាព ក្នុងការប្រារព្ធ និងផ្សព្វផ្សាយសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនប្រជាផលិតកររបស់កម្ពុជា។
សម្ដេចតេជោ បន្ថែមថា គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី ខេត្តទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រង បណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានាសហការរៀបចំ ឱ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។
សម្ដេចតេជោ នាយករដ្ឋមន្ដ្រី លើកឡើងថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ត្រូវបញ្ជ្រាបសមាសភាពខ្លួនទៅក្នុងក្រុមប្រឹក្សា ឬគណៈកម្មាធិការផ្សេងៗ ដែលមានបេសកកម្មពាក់ព័ន្ធ នឹងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផលិតកែច្នៃនូវផលិតផល ឬសេវាកម្មនានា សម្រាប់បម្រើសេចក្តីត្រូវការរបស់ទីផ្សារ៕