ព័ត៌មានជាតិ

សម្ដេច ស ខេង និងលោក ប្រាជ្ញ ចន្ទ អញ្ជើញផ្សព្វផ្សាយ ខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្ដិសុខបោះឆ្នោត

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ ការបោះឆ្នោត (គ.ស.អ) និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារ ដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានឲ្យដឹងថា ដើម្បីចូលរួមការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យដំណើរការប្រកបដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងស្ថិតក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការបំភិតបំភ័យ ការគំរាមកំហែង និងអំពើហិង្សាផ្សេងៗ គ.ស.អ និងគ.ជ.ប ណែនាំដល់យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ព្រមទាំងភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ឲ្យយកចិត្តទុកដាក់សហការអនុវត្តតាមគោលការណ៍ណែនាំ ដូចខាងក្រោម៖

-កម្លាំងនគរបាល កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត ត្រូវបានស្នើសុំ និងចាត់តាំងឲ្យបំពញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោត ដើម្បីការពារការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ តាមសំណូមពររបស់ គ.ជ.ប ឬ/និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់។

-ជាទូទៅ កម្លាំងនគរបាលត្រូវបានប្រើប្រាស់ ដើម្បីការពារផ្ទាល់នៅតាមគោលដៅសំខាន់ៗជាអាទិភាព ក្នុង ករណីមានការខ្វះកម្លាំងនគរបាល ចំនួនកម្លាំងដែលខ្វះនោះអាចត្រូវបានបំពេញ ដោយកម្លាំងប្រជាការពារ ឬ/និង កងរាជអាវុធហត្ថ ឬ/និងកងយោធពលខេមរភូមិន្ទ។ ការផ្តល់សេវាសន្តិសុខ សុវត្ថិភាពដល់មុខសញ្ញា និងគោលដៅ ទាំងអស់តម្រូវឲ្យមានការរៀបចំការពារជារួម និងមានលក្ខណៈប្រយោល ឬមិនចំពោះពីព្រោះមិនមានលទ្ធភាពបើ ប្រាស់កម្លាំងការពារផ្ទាល់សម្រាប់មុខសញ្ញា និងគោលដៅនីមួយៗបានទាំងអស់ឡើយ។

-ក្នុងករណីចាំបាច់ កម្លាំងប្រជាការពារត្រូវបានរៀបចំចាត់តាំងឲ្យចូលរួមជាកម្លាំងជំនួយសម្រាប់ការរៀបចំ សណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅតាមមូលដ្ឋានឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌក្នុងរាជធានី ខេត្ត ឬ/និងឲ្យ បំពេញភារកិច្ចជាភ្នាក់ងារសន្តិសុខបោះឆ្នោតនៅការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយចំនួន៕

To Top