ភ្នំពេញ ៖ សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការ និងចុះបញ្ជីជាសមាគមស្របច្បាប់ ដោយក្រសួងមហាផ្ទៃ ហើយបច្ចុប្បន្ននេះ ស.ឧ.ក ត្រូវបានដឹកនាំ និងតម្រង់ទិស ដោយសមាជិកក្រុមប្រឹក្សាភិបាល ចំនួន ៣២រូប មានអាណត្តិ៥ឆ្នាំ ខណៈការងារប្រចាំថ្ងៃ ត្រូវបានអនុវត្ត ដោយអគ្គលេខាធិការដ្ឋាន ក្រោមការដឹកនាំ របស់អគ្គលេខាធិការ ១រូប។
យោងតាមសេចក្ដីប្រកាសរបស់ ស.ឧ.ក បានឱ្យដឹងថា ស.ឧ.ក មានគណៈកម្មការជំនាញចំនួន៤ ក្នុងនោះ រួមមាន៖ ១-គណៈកម្មការសមាជិកភាព វិន័យ និងក្រមសីលធម៌ ,២-គណៈកម្មការកិច្ចការច្បាប់ ,៣-គណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ ,៤-គណៈកម្មការទំនាក់ទំនងសាធារណៈ និងអន្តរជាតិ។
សមាជិករបស់ ស.ឧ.ក មាន ៣ប្រភេទ រួមមាន ៖១-សមាជិកស្ថាបនិក ,២-សមាជិកសកម្ម ,៣-សមាជិកទ្រទ្រង់។ អ្នកទទួលបានគោរមងារឧកញ៉ា ឫអ្នកឧកញ៉ា តាមរយៈព្រះរាជក្រឹត្យ ដែលប្រោសប្រទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អាចដាក់ពាក្យសុំចូលជាសមាជិក ស.ឧ.ក បានដោយបំពេញនូវលក្ខខណ្ឌ ដែលមានចែងក្នុងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ឧ.ក។
ទស្សនៈវិស័យរបស់ ស.ឧ.ក គឺរក្សា និងលើកកម្ពស់ឧត្តមភាព នៃគោរមងារឧកញ៉ា ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាអោយកាន់តែរីកចម្រើនថែមទៀត។ បេសកកម្មចំបងៗរបស់ ស.ឧ.ក. រួមមាន៖ តំណាងអោយសម្លេងរួម សកម្មភាពមនុស្សធម៌រួម និងការរក្សាការពារឧត្តមភាពនៃគោរមងារឧកញ៉ា, រួមគ្នាចូលរួមចំណែកក្នុងសកម្មភាពសង្គម និងសប្បុរសធម៌នានា ដើម្បីបង្កើនកិត្យានុភាព ឧត្តមភាព និងគុណធម៌របស់ឧកញ៉ាឱ្យកាន់តែខ្ពង់ខ្ពស់ថែមទៀត, លើកកម្ពស់ការគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា របស់ព្រះរាជាណាចក្រកម្ពុជា, បង្កើតវេទិកា សិក្ខាសាលា និងកម្មវិធីផ្សេងៗ ដើម្បីលើកកម្ពស់ភាពជាដៃគូរ នៅក្នុងសកម្មភាពពាណិជ្ជកម្ម និងការរវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕