ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិ នៃកម្ពុជា បានក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃច្បាប់ ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែង ប្រកបដោយតម្លាភាព។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងពាណិជ្ជកម្ម និងធនាគារជាតិ នៃកម្ពុជា នាពេលថ្មីៗនេះ បានឱ្យដឹងថា ការប្រើប្រាស់ទម្រង់ស្តង់ដារ នៃកិច្ចសន្យារបស់បុគ្គល ធ្វើធុរកិច្ចមួយចំនួន មិនអាចផ្តល់លទ្ធភាពឱ្យអ្នកប្រើប្រាស់ ស្នើសុំកែប្រែខចែង ឬលក្ខខណ្ឌណាមួយ នៃកិច្ចសន្យា ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ឡើយ។ ទម្រង់ស្ដង់ដា នៃកិច្ចសន្យាមួយចំនួន បានបង្កប់នូវខ្លឹមសារ និងខសន្យាមិនសុច្ចរិត ដើម្បីកេងយកចំណេញហួសហេតុពីអ្នកប្រើប្រាស់។
ប្រភព ដដែល បន្ដថា ខសន្យាមិនសុច្ចរិត ទាំងនោះមានជាអាទិ៍៖ ខចែងអំពីការលើកលែង ឬកម្រិតការទទួលខុសត្រូវរបស់បុគ្គលធ្វើធុរកិច្ចលើការ ធានាលើទំនិញនិង/ឬសេវារបស់ខ្លួន ខចែងដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចកែប្រែឬផ្លាស់ប្តូរចំណុចសំខាន់ណាមួយលើប្រភេទ បរិមាណតម្លៃ និងគុណភាពនៃទំនិញនិង/ឬសេវា ឬកែប្រែខសន្យាសំខាន់ៗ នៃទម្រង់ស្ដងដានៃកិច្ចសន្យាផ្សេងទៀត ដោយមិនតម្រូវឱ្យមានការជូនដំណឹង និងការយល់ព្រមជាមុនពីអ្នកប្រើប្រាស់និងខសន្យាដែលផ្ដល់សិទ្ធិឱ្យបុគ្គលធ្វើធុរកិច្ចអាចបកស្រាយដោយឯកតោភាគី ឬរំលាយ កិច្ចសន្យាតាមឆន្ទានុសិទ្ធិរបស់បុគ្គលធ្វើធុរកិច្ច។
ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា «សូមក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ អនុវត្តឱ្យបានត្រឹមត្រូវ ស្របតាមខ្លឹមសារនៃច្បាប់ស្ដីពី កិច្ចការពារអ្នកប្រើប្រាស់ និងប្រកាសស្តីពី ខសន្យាមិន សុច្ចរិត ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ និងជំរុញឱ្យការប្រកួតប្រជែងប្រកបដោយតម្លាភាព»។
ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្ម និង ធនាគារជាតិនៃកម្ពុជា ក៏បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកប្រើប្រាស់ អាចរាយការណ៍ពាក់ព័ន្ធ នឹងអំពើកេងយកចំណេញហួសហេតុ ដោយកើតចេញពីការបង្កើត នូវទម្រង់ស្ដង់ដានៃកិច្ចសន្យា ដែលមិនសុច្ចរិតពីបុគ្គលធ្វើធុរកិច្ចមក អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ៕