ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ុន ម៉ាណែត សម្ពោធបើកដំណើរការ ជាផ្លូវការរបស់ផ្សារទំនើប Aeon Mall Mean Chey

" "

ភ្នំពេញ ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសម្ពោធ បើកដំណើរការជាផ្លូវការ របស់ផ្សារទំនើប Aeon Mall Mean Chey រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ។

លោក ម៉ាណែត សូមអបអរសាទរចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។

" "

លោក លើកសរសើរថា សំណង់ និងការរៀបចំផ្សារ ដ៏ទំនើបមួយនេះ ក៏បានបង្ហាញថា ក្រុមហ៊ុនមិនបានផ្តោត តែទៅលើការទាញយកផល ចំណេញប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនក៏បានគិតគូរផងដែរ អំពីការចូលរួមក្នុងកិច្ចការសង្គម តាមរយៈសកម្មភាពមួយចំនួន ដូចជា៖ ការបន្តគាំទ្រដល់ផលិតផលក្នុងស្រុក, ការរៀបចំកម្មវិធីវប្បធម៌ជាប្រចាំ ជាមួយនឹងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ និងការចូលរួមក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។ សមិទ្ធផលទាំងនេះ ក៏បានរួមចំណែកក្នុងការអភិវឌ្ឍរបស់រាជធានីភ្នំពេញ និងប្រទេសកម្ពុជាទាំងមូល តាមរយៈការផ្តល់ឱកាសការងារ ជូនដល់ប្រជាជនកម្ពុជាជាច្រើនពាន់នាក់ ព្រមទាំងឱកាសវិនិយោគ និងអាជីវកម្មថ្មីៗសម្រាប់វិនិយោគិន និងអាជីវករទាំងក្នុង និងក្រៅស្រុក។

" "

លោកបណ្ឌិត បន្តថា ជាមួយនឹងវត្តមានរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងតំណាងវិនិយោគិន ធុរជន និងដៃគូអភិវឌ្ឍន៍ មកពីប្រទេសជប៉ុន នាឱកាសនេះ, សូមយកឱកាសនេះ សម្តែងនូវការអបអរសាទរចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតចំណង ការទូតផ្លូវការកម្ពុជា-ជប៉ុន ជាពិសេសការលើកកម្ពស់កម្រិតនៃទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ចាប់ពីឆ្នាំ២០២៣ នេះ។ ភាពជាដៃគូកម្ពុជា-ជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក្នុងផ្នែកពាណិជ្ជកម្ម, ការអភិវឌ្ឍ, មនុស្សធម៌ និងទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន បានក្លាយជាកម្លាំងចលករដ៏សំខាន់ ដែលបានចូលរួមដល់ការពន្លឿន ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាលើគ្រប់វិស័យ។

លោក បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ ជាមួយនឹងសុខសន្តិភាព ដែលសម្រេចបានដោយលំបាក, រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងប្រទេសជាតិឡើងវិញពីផេះផង់នៃសង្គ្រាម រហូតបានក្លាយជាសេដ្ឋកិច្ចមួយប្រកបដោយថាមវន្ត និងមានភាពរស់រវើក តាមរយៈការដាក់ចេញ និងការអនុវត្តគោលនយោបាយ, យុទ្ធសាស្ត្រ និងវិធានការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយភាពប្រាកដនិយម និងដោយផ្តោតលើតម្រូវការជាក់ស្តែង, ជីវភាព និងសុខទុក្ខរបស់ប្រជាជនជាធំ។

លោកបណ្ឌិត លើកឡៀងទៀតថា ក្នុងរយៈកាលកន្លងមកនេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបាននូវកំណើនយ៉ាងលឿន ដែលបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាល អាចរំដោះប្រជាជនជាច្រើនលាននាក់ចេញពីភាពក្រីក្រ និងបានប្រែក្លាយប្រទេសកម្ពុជាពីប្រទេសក្រីក្រ ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងសំដៅទៅរកការសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោក សម្តែងនូវសុទិដ្ឋិនិយមថា ពិតណាស់ សមិទ្ធផលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនេះ គឺសម្រេចបានដោយសារការចូលរួម និងការលូតលាស់នៃវិស័យឯកជន ដោយមានការទ្រទ្រង់ពីរាជរដ្ឋាភិបាល តាមរយៈការបង្កភាពអំណោយផលដល់បរិយាកាសធុរកិច្ច និងការពង្រឹងការប្រកួតប្រជែងនៅក្នុងរបបសេដ្ឋកិច្ចទីផ្សារសេរី។ ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងបានខិតខំប្រឹងប្រែង និងបានដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងវិធានការកែទម្រង់មុតស្រួចជាបន្តបន្ទាប់ សំដៅគាំទ្រដល់ការលូតលាស់របស់វិស័យឯកជន។ ជាក់ស្តែង ជាមួយនឹងការចូលរួមរបស់វិស័យឯកជន, សេដ្ឋកិច្ចរបស់កម្ពុជាអាចងើបឡើងវិញចេញពីវិបត្តិនៃជំងឺកូវីដ-១៩ បានយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៣% ក្នុងឆ្នាំ២០២១ ហើយសេដ្ឋកិច្ចកម្ពុជា ក៏ត្រូវបានប៉ាន់ប្រមាណថាមានកំណើនប្រមាណ ៥,២% នៅឆ្នាំ២០២២ និងប្រមាណ ៥,៦% នៅឆ្នាំ២០២៣៕

To Top