ព័ត៌មានជាតិ

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប រៀបចំកិច្ចប្រជុំបូកសរុបការងារ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ

ភ្នំពេញ ៖ នៅថ្ងៃទី0៦ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសីទ្ធ អគារមាស សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំកិច្ចប្រជុំបូកសរុបការងារ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៨-២០២២) និងរៀបចំផែនការយុទ្ធសាស្រ្តបន្ត ៥ឆ្នាំ (២០២៣-២០២៧) ក្រោមអធិបតីភាពលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការ និងមានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង បុគ្គលិកសាកលវិទ្យាល័យ ជាច្រើនរូបមកពីគ្រប់ផ្នែកពាក់ព័ន្ធ។

កិច្ចពិភាក្សាយ៉ាងល្អិតល្អន់ពេញមួយថ្ងៃនោះ ជាលទ្ធផលនៃការការងារ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៨-២០២២) បានឃើញថា សាកលវិទ្យាល័យ មានសកម្មភាពដែលត្រូវកែលម្អបន្ថែមខ្លះ តែអាស៊ីអឺរ៉ុបមានចំណុចខ្លាំងមួយជាច្រើនដូចជា៖

-អគារផ្ទាល់ខ្លួន សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានវិនិយោគយ៉ាងធំសម្បើម និងរឹងមាំ លើអគារសិក្សាផ្ទាល់ខ្លួន ដែលជាសញ្ញាណមួយ នៃការវិនិយោគដ៏យូរអង្វែង នឹងនៅស្ថិតស្ថេរ ផ្ដល់ការទុកចិត្ដសម្រាប់និស្សិត និងអាណាព្យាបាលរបស់និស្សិត។

-សេវាកម្ម សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប យកចិត្ដទុកដាក់ក្នុងការផ្ដល់សេវា យ៉ាងមានប្រសិទ្ធភាព បំផុតគ្រប់ទិដ្ឋភាពនៃការងារកសាង និងកែលម្អ អភិវឌ្ឍន៍កម្មវិធីសិក្សា ការស្រាវជ្រាវ ការសិក្សា និងកិច្ចការរដ្ឋបាល ដែលជាការផ្ដល់សេវាមួយមានទិសដៅឆ្ពោះ ទៅរកការបង្កើនសមត្ថភាពធនធានមនុស្ស សម្រាប់បម្រើការក្នុងទីផ្សារ ការងារទាំងក្នុង និងទាំងក្រៅប្រទេស។

-តម្លាភាព និងភាពមិនលំអៀង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបំពេញតួនាទីយ៉ាងមានតម្លាភាពលើការវាយតម្លៃការសិក្សារបស់និស្សិតគ្រប់ជំនាញ ជំនាន់ ក៏ដូចជាការអភិវឌ្ឍ និងបានលើកទឹកចិត្ដបុគ្គលិកឱ្យចូលរួមផ្ដល់មតិយោបល់ លើដំណើរការបណ្ដុះបណ្ដាលរបស់សាកលវិទ្យាល័យដោយស្មើរភាព។

-សហប្រតិបត្ដិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព ពង្រឹង និងពង្រីកភាពជាដៃគូជាមួយស្ថាប័នរដ្ឋ និងឯកជន អង្គការក្នុង និងក្រៅរដ្ឋាភិបាល ទាំងនៅក្នុង និងក្រៅប្រទេស។

-ការទទួលខុសត្រូវ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះមុខរាជរដ្ឋាភិបាល សង្គមជាតិ អាណាព្យាបាលរបស់និស្សិត និងដៃគូសហការ។

លើសពីនេះ ក្នុងការបូកសរុបលទ្ធផលសកម្មភាពការងារដែលបានអនុវត្តលើកផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០១៨-២០២២) ពីគ្រប់ការិយាល័យ មហាវិទ្យាល័យ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងសាលាក្រោយឧត្តម ដែលស្ថិតនៅក្រោមរចនាសម្ព័ន្ធសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចំណាយថវិការជារូមអស់២,០៩៩,៣៥៩ដុល្លារ ទទួលបានលទ្ធផលគិតជាភាគរយ ៧៤%។

ចំពោះកិច្ចពិភាក្សា លើដំណើរការរៀបចំផែនការយុទ្ធសាស្រ្តបន្ត ៥ឆ្នាំ (២០២៣-២០២៧) គណៈគ្រប់គ្រង បុគ្គលិកបានលើកយកយុទ្ធសាស្រ្ត ៦ ៖ ១. អភិបាលកិច្ច, ២. អភិវឌ្ឍន៍ស្ថាប័ន, ៣. រៀន និងបង្រៀន, ៤. ការងារនិស្សិត, ៥.ការស្រាវជ្រាវ និងទី៦.កសាងសមត្ថភាព និងនវានុវត្តន៍ឌីជីថល ដើម្បីសម្រេចបានជោគជ័យលើ យុទ្ធសាស្រ្តខាងសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ត្រូវអនុវត្តន៍តាមបេសកកម្ម ដូចជា៖ ផ្ដល់នូវការអប់រំ ប្រកបដោយគុណភាពខ្ពស់ ដែលមានសមត្ថភាពប្រកួតប្រជែង ជំនាញច្បាស់លាស់ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់, ជំរុញ និងលើកទឹកចិត្ត ឱ្យមានការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយ, បង្កើនសមត្ថភាពយល់ដឹង និងប្រើប្រាស់ ICT និងភាសាបរទេស, បង្កើនការយល់ដឹងអំពីអន្តរវប្បធម៌ សហគ្រិនភាព គំនិតច្នៃប្រឌិត និងការបង្កើតការងារ, លើកកម្ពស់ កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដើម្បីឱ្យមានការចូលរួម តម្លាភាព និងអភិបាលកិច្ចក្នុងការគ្រប់គ្រង ស្ថាប័ន, ផ្តល់អាទិភាពចម្បងលើនិស្សិត គ្រូ កម្មវិធីសិក្សា និងអគារ។

សូមបញ្ជាក់ថា ដោយផ្អែកការកំណត់យុទ្ធសាស្រ្ត និង គោលដៅខាងលើ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការស្រូបយកនិស្សិត ឱ្យចុះឈ្មោះ ចូលរៀនតាមផែនការជារៀងរាល់ឆ្នាំ ជាពិសេសសាកលវិទ្យាល័យ មានបទពិសោធន៍ និងនិរន្តភាពយូរ អង្វែងក្នុងវិស័យអប់រំ ព្រោះដោយសារសាកលវិទ្យាល័យនេះ មានធនធានមនុស្ស មានសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់ អគារសិក្សាផ្ទាល់ខ្លួន សម្ភារៈសម្បូរបែប ក្នុងការសិក្សានិង ការស្រាវជ្រាវ ជាពិសេសមានមូលដ្ឋាន ធនធានហិរញ្ញវត្ថុរឹងមាំ៕

To Top