ភ្នំពេញ ៖ នាល្ងាចថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដែលមាន ១២១ គ្រឹះស្ថានសិក្សា ជាសមាជិក បានរៀបចំពិធីពិសាអាហារសាមគ្គី អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ក្រោមអធិបតីភាព លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងមានការចូលរួមពីសំណាក់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ និងសមាជិក សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ប្រមាណជាង ៣០០នាក់ ។

យោងតាមរបាយការណ៍ លោកបណ្ឌិត លី ឆេង ប្រធានគណៈប្រតិបត្តិ បានបង្ហាញថា សមាគម មានភាពរីកចំរើន ជាបន្តបន្ទាប់ ជាពិសេសក្នុងការ ជួយពង្រឹង សេវាអប់រំ ប្រកបដោយគុណភាព រួមចំណែកអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា និងបង្កើតធនធានមនុស្ស ជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ។ សមាគម បានចាប់ផ្តើមតាំងពីឆ្នាំ ២០០៤ មកម្លេះ ហើយរហូតដល់សព្វថ្ងៃមាន១២១ គ្រឹះស្ថានសិក្សាជាសមាជិក និងបានដំណើរការតាមរយៈការបោះឆ្នោត ចំនួន ៦អាណត្តិ រួមមកហើយ ។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល តំណាងឱ្យសមាគម ទាំងមូល ក៏បានប្រកាសសារគាំទ្រ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត ផងដែរ ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងសមាជិក សមាគម ដែលបានដឹកនាំ គ្រប់គ្រង និងការបំពេញការងាររៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតទទួលបានជោគជ័យ និងមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេស សមាគមបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធានា គុណភាពអប់រំ សម្រាប់សិស្ស-និស្សិត និងបានចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ៕












