ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។

លោកបណ្ឌិត សូមអរគុណ និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់ នៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដែលបានរួបរួមគ្នាចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាប្រយោជន៍សម្រាប់អនាគត របស់សិស្ស-និស្សិត ដោយសម្រេចបាន នូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតសមាគមនេះ នាឆ្នាំ២០០៤ ដើម្បីចូលរួមអនុវត្តគោលនយោបាយ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល ។

លោក ម៉ាណែត បន្ថែមថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថាន អំណោយផលដ៏ធំបំផុត សម្រាប់សង្គមកម្ពុជាទាំងមូល។ ដូចនេះ ភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នា ថែរក្សាកេរដំណែលដ៏មានតម្លៃ មហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់ តទៅ តាមរយៈការអនុវត្តនូវគោល នយោបាយដ៏ត្រឹមត្រូវ និងឥតងាករេ របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្ស ប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជន ទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផលត្រលប់ មកសង្គមជាតិទាំងមូលវិញផងដែរ ។

លោកបណ្ឌិត បន្តថា ក្នុងបរិបទ នៃចរន្តសាកលភាវូបនីយកម្ម កម្ពុជា មានតែខិតខំប្រឹងប្រែង ក្នុងការពង្រឹងខ្លួន ដើម្បីចូលរួមប្រកួតប្រជែង ដោយសេរីនៅលើទីផ្សារ ក្នុងពិភពលោក។ ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្ត ជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន, កម្មវិធីសិក្សា, វិធីសាស្ត្របង្រៀន, ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ ការបង្កើតឱ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាកត្តាចាំបាច់ សម្រាប់បម្រើដល់តម្រូវការផ្ទាល់ ក្នុងការបង្រៀន និងសម្រាប់បម្រើដល់នវានុវត្តន៍របស់ប្រទេសជាតិទាំងមូល ក្នុងការបោះជំហាន ទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប។

លោកម៉ណែត រំលេងផងដែរថា សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងកសាង នូវសមិទ្ធផលដ៏ច្រើនលើសលប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ការអភិវឌ្ឍជាតិ និងការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ។ ក្នុងន័យនេះ មន្ត្រីបក្សគ្រប់ជំនាន់ត្រូវបេ្តជ្ញាប្រកាន់ ខ្ជាប់នូវមាគ៌ាគោលនយោបាយ ដ៏ត្រឹមត្រូវ របស់គណបក្ស ជាពិសេសលើវិស័យអប់រំ ដើម្បីបន្តបម្រើ និងលើកកម្ពស់កម្រិតមូលធនមនុស្សកម្ពុជា ឱ្យធានាបាននូវការ ប្រកួតប្រជែង ស្មើមុខ ស្មើមាត់ ទាំងនៅកម្រិតតំបន់ និងសាកលលោក៕



















