ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាពគ្រប់គ្រងទេ

ភ្នំពេញ៖ ខណៈការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ កាន់តែខិតជិតមកដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានអះអាងថា «សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាព គ្រប់គ្រង បានទេ»។

ក្នុងពិធីជួបសំណោះសំណាល ជាមួយា អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣សម្ដេចតេជោ រំលេចនូវស្នាដៃ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយមានការចូលរួមមិនអាចខ្វះបាន ពីសំណាក់ប្រជាពលរដ្ឋ ដូចជា៖

១- ការរក្សានូវ សន្តិភាព ស្ថេរភាពនយោបាយ បើទោះបីមានការប៉ុនប៉ង់ ក្នុងការផ្លួលរំលំ ដូចជាការប្រកាសថ្ងៃ៩វិច្ឆិកា មកចាប់ហ៊ុន​ សែន និងឲ្យកងកម្លាំងបាញ់ប្រហារមកលើរដ្ឋាភិបាល ទាមទារឲ្យព្រះមហាក្សត្រចុះចេញពីតំណែង រំលាយចោលបក្សរាជានិយម មិនត្រូវធ្វេសប្រហែស ចំពោះឧបបាយកលពួកនេះទេ ។

២- ការគ្រប់គ្រងជំងឺកូវីដ១៩ ​ដែលកម្ពុជា ស្ថិតក្នុងចំណោមប្រទេសមួយដែលជោគជ័យក្នុងការគ្រប់គ្រងសមរភូមិកូវីដ

៣- បើទោះបីមានការវាយប្រហារកូវីដ១៩ ធ្ងន់ធ្ងរ នៅឆ្នាំ២០២០ តែរាជរដ្ឋាភិបាល បានធ្វើឲ្យសេដ្ឋកិច្ចកើនឡើងវិញ (៣%នៅឆ្នាំ២០២១) និង (៥,២% នៅឆ្នាំ២០២២) កន្លងទៅ

៤- ការចាត់តាំងការបោះឆ្នោត ថ្នាក់ឃុំ-សង្កាត់ កាលពីឆ្នាំ២០២២ ទទួលបានជោគជ័យល្អដែលមានគណបក្សនយោបាយចូលរួមច្រើន និងប្រជាពលរដ្ឋចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ

៥-ភាគជោគជ័យ នៃការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំនានា ​។

ជាមួយនឹងភាពជោគជ័យ ទាំងនេះសម្ដេចតេជោ ក៏បានអំពាវនាវប្រជាពលរដ្ឋ បន្តរក្សា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គមឲ្យបានគង់វង់ ដើម្បីការអភិវឌ្ឍ ប្រទេសជាតិកាន់តែជឿនលឿនទៅមុខបន្ថែមទៀត។

សម្ដេចតេជោគូសបញ្ជាក់ថា «សន្តិភាព រក្សាបានតែតាមរយៈតួនាទី គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ គ្មានបក្សណាមានលទ្ធភាពគ្រប់គ្រង នូវសន្តិភាពបានទេ»។

សម្ដេចថា បើទោះបីជាពេលខាងមុខ មានអ្នកសន្យា ឲ្យប្រាក់ប៉ុន្នេះប៉ុណ្ណោះ ក៏មិនមែនជាមូលហេតុធំ សម្រាប់ប្រជាពលរដ្ឋព្រោះអ្នកខ្លះ រកតែផ្ទះនៅខ្លួនឯងមិនបានផង ទៅសន្យាឲ្យផ្ទះថ្មគេ ឥឡូវរកតែការងារខ្លួនឯងមិនបានផង ទៅដោះស្រាយការងារឲ្យគេ ២ទៅ៣លាននាក់ ។

ទោះបីជាយ៉ាងណាសម្ដេចតេជោ ចាត់ទុកការ លើកឡើងនេះ គ្រាន់តែជាការឃោសនាលក់ទំនិញ របស់គេតែប៉ុណ្ណោះ ដោយមិនទៅបង្អាប់ទំនិញរបស់គេនោះទេ តែទុកឲ្យប្រជាជន ជាអ្នកវិនិច្ឆ័យខ្លួនឯងទៅចុះ៕

To Top