ព័ត៌មានជាតិ

សម្ដេច ស ខេង៖ ជាប្រផ្នូលល្អ សម្រាប់មន្រ្តីបម្រើការ ក្នុងអគារក្រសួងមហាផ្ទៃថ្មី នាថ្ងៃអនាគត

ភ្នំពេញ៖ ជាប្រផ្នូលល្អ សម្រាប់ក្រុមមន្រ្តីធ្វើការនៅក្នុងអគារ ទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនាពេលខាងមុខ ដោយសារក្នុងអំឡុងពេល ដំណើរការសាងសង់អគារថ្មីនេះ ពុំមានករណីគ្រោះថ្នាក់អ្វីកើតឡើង ទៅលើកម្មករ-កម្មការិនី ដែលបានបណ្តាលឲ្យមានរបួល ឬស្លាប់ជាដើម ។ នេះជាប្រសាសន៍របស់សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្រោយដំណើរការសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី អស់រយៈពេលជាច្រើនថ្ងៃខែមក មិនមានជួបបញ្ហាគ្រោះថ្នាក់ និងមានភាពរលូន ។ ចំណុចនេះ សម្ដេច ស ខេង ចាត់ទុកថា ជាប្រផ្នូលល្អមួយ សម្រាប់អ្នកបម្រើការងារទាំងអស់ ក្នុងអគារនេះផងដែរសម្រាប់ពេលខាងមុខ។

នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី និងក្រុមអ្នកជំនាញកំពុងសាងសង់ អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស ខេង បានកោតសរសើរចំពោះគណៈកម្មការ ដឹកនាំការងារសាងសង់អគារ ទីស្ដីក្រសួងមហាផ្ទៃថ្មី។ ជាមួយគ្នានេះ សម្ដេច ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនសាងសង់ និងអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែងធ្វើកិច្ចការងាររបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយមានការប្រុងប្រយ័ត្ន និងការពារសុវត្ថិភាព ដោយសម្រេចបានបេសសកម្ម ដ៏ឧត្តុងឧត្តមរបស់ខ្លួន ក្នុងការសាងសង់នូវអគារនេះ។

សម្ដេចតេជោបញ្ជាក់ថា មកដល់ពេលនេះ សាងសង់បាន៨០% បើប្រៀបធៀបជាមួយនឹងកិច្ចសន្យា ។ ទន្ទឹមនឹងនោះ គុណភាពសំណង់ក៏ល្អ ទោះបីសាងសង់លឿនក៏ដោយ ប៉ុន្ដែគុណភាពសំណង់រឹងមាំ ដោយមានការត្រួតពិនិត្យ យ៉ាងម៉ត់ចត់ ហើយជាពិសេសសុវត្ថិភាពជាចំបង ទៅដល់កម្មករទាំងអស់។

សម្ដេចបន្ថែមថា ទាំងនេះ បានបង្ហាញឲ្យឃើញជាឆន្ទះរបស់កម្មករ-កម្មការិនី ដែលបានយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ស្ដាប់តាមការណែនាំរបស់ក្រុមហ៊ុន ហើយអនុវត្តការងារដោយប្រុងប្រយ័ត្ន ជាពិសេសបំពាក់ឧបករណ៍សុវត្ថិភាព នេះហើយគឺជាជោគជ័យធំ នៃការសាងសង់អគារដ្ឋបាលក្រសួងមហាផ្ទៃដ៏ល្អ គឺជាជោគជ័យមួយផ្នែកដែលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ព្រោះសំណង់នេះ នឹងប្រើប្រាស់យូរអង្វែង។

សម្ដេច ស ខេង មានប្រសាសន៍ថា «សូមចាត់ទុកថា ការការពារសុវត្ថិភាពបានទាំងស្រុងនេះ ក៏ជាជោគជ័យ ជាប្រផ្នូលល្អមួយ សម្រាប់អគាររដ្ឋបាលក្រសួងមហាផ្ទៃ សម្រាប់អ្នកបម្រើការងារក្នុងនេះ ទៅអនាគត មានអារម្មណ៍ល្អ សប្បាយរីករាយ។ បើកាលណា មានរបួស មានស្នាម ជាពិសេស មានការបាត់បងជីវិត កម្មករ-កម្មការិនី សូម្បីតែម្នាក់ អ្នកធ្វើការងារនៅទីនេះ មានអារម្មណ៍មិនសូវជ្រះស្រឡះ របស់ខ្លួន ដូច្នេះនេះជាផ្នែកមួយចិត្តសាស្ដ្រផងដែរ»។

សូមរំលឹកថា អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ ត្រូវបានសាងសង់ឡើងនៅទីតាំងចាស់។ ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការ បែបសម័យទំនើបថ្មី ៕

To Top