ព័ត៌មានជាតិ

វីតាល់ ប្រារព្ធពិធីស្រង់ព្រះដ៏ធំប្រចាំលើកទី៦ ជូនដូនចាស់ជួបការលំបាកនៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ ដូនចាស់ជរាក្រីក្រគ្មានទីពឹង និងជួបការលំបាកប្រមាណ៩០នាក់ នៅសង្កាត់វត្តគរ ក្រុងបាត់ដំបង បានទទួលសង្គហទាន ស្បៀងអាហារឧបត្ថម្ភ និងការស្រង់ព្រះ (ងូតទឹក) យ៉ាងយកចិត្តទុកដាក់ តាមបែបទំនៀមប្រពៃណី និងព្រះពុទ្ធសាសនា ពីសំណាក់ថ្នាក់ដឹកនាំ និងបុគ្គលិកវីតាល់ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

នេះគឺជាលើកទី៦ហើយដែលក្រុមហ៊ុនវីតាល់ បានប្រារព្ធកម្មវិធីសប្បុរសធម៌ធំបែបនេះ ដែលវីតាល់ បានផ្សាភ្ជាប់កម្មវិធីសប្បុរសធម៌ជាមួយនឹងទំនៀមទំលាប់ខ្មែរបុរាណ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខ ។ កម្មវិធីវីតាល់ស្រង់ព្រះលើកទី៦ នេះប្រារព្ធឡើងនៅបរិវេណ វត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបងដែលវីតាល់បានសហការ ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការប្រមូលដូនចាស់ ដែល មានជីភាពទីទាល់ក្រ ដែលខ្លះរស់នៅលំបាក និងគ្មានទីពឹងគ្មានកូនចៅឧបត្ថម្ភ ដើម្បីទទួលបានកញ្ចប់ឧបត្ថម្ភ និងស្រង់ព្រះជូនពួកគាត់ តំណាងអោយកូនចៅញាតិផៅ ជាការដឹកគុណ និងការជូនពរដល់លោកតា លោកយាយឱ្យមានមានអាយុយឺនយូរ និងសុខភាពល្អ ត្រជាក់ត្រជុំក្នុងឆ្នាំថ្មី ។

លោក ជុន ហៀង ថាវសិទ្ធិ អនុប្រធានធុរកិច្ច និងជាតំណាងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី នាយិកាប្រតិ្តបត្តិ នៃក្រុមហ៊ុនទឹកពិសាវីតាល់ និងជាអ្នកផ្តួតផ្តើមគំនិតក្នុងការប្រារព្ធកម្មវិធីស្រង់ព្រះនេះ បានថ្លែងថា “សារបណ្ណ និងគោលគំនិតដែលវីតាល់ ផ្តើមឱ្យមានកម្មវិធីនេះជារៀងរាល់ឆ្នាំ រហូត០៦ឆ្នាំជាប់គ្នាលើកលែងសម័យកូវីដដែលយើងផ្អាកការរៀបចំកម្មវិធីនេះឡើង ក៏ព្រោះតែវីតាល់មានបុព្វហេតុក្នុងការចង់បន្តរក្សាទំនៀមទំលាប់ប្រពៃណីដូនតាខ្មែរ ពិសេសការស្រង់ទឹកជូនព្រះសង្ឍ ចាស់ព្រឹទ្ធាចារ្យនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរដែលជាការផ្តល់នូវការគោរព ការសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះលោកអ្នកមានគុណ ចាស់ព្រឹទ្ធាចារ្យ និងផ្តល់ក្តីស្រលាញ់ ផ្តល់ការជួយយកអាសារដល់លោកតា លោកយាយ ដែលមានជីវភាពលំបាក និងខ្លះពុំមានសមាជិកគ្រួសារនៅជូប ជុំក្នុងឱកាសចូលឆ្នាំខ្មែរ។” លោកបានបន្តទៀតថា “កម្មវិធីនេះរៀបចំឡើងបានក៏ដោយសារ មូលនិធិ២៥៛ នៃទឹកពិសាវីតាល់ ដែលជាមូលនិធិបង្កើតឡើងដោយស្ថាបនិករបស់យើង ក្នុងបេសកម្មបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាពសង្គម តាំងពីចាប់ផ្តើមចរាចរណ៍ទឹកពិសាវីតាល់នៅទីផ្សារកម្ពុជាលើកដំបូងក្នុងឆ្នាំ២០១០ ដោយរាល់ការពិសាទឹកវីតាល់០១ដបរបស់លោកអ្នក គឺមានន័យថា លោកអ្នកបានបរិច្ចាគប្រាក់ចំនួន២៥៛ ជូនមូលនិធិនេះ“។

កម្មវិធីវីតាល់ស្រង់ព្រះលើកទី៦នេះ វីតាល់បានរៀបចំនូវកញ្ចប់ឧបត្ថម្ភជូនលោកតាលោកយាយ ប្រមាណ៩០ ដោយក្នុងម្នាក់ៗទទួលបាន វីតាល់, មីជាតិ, អង្ករ, សម្លៀកបំពាក់ថ្មី និងឃីត១ប្រអប់ រួមមានគ្រឿងទេសនិងសម្ភារៈប្រើប្រាស់ចំនួន០៩ មុខ ព្រមទាំងថវិការចំនួន៤០ពាន់រៀលផងដែរ។ លើសពីនេះទៅទៀតលោកតា លោកយាយ ក៏ទទួលបានការញ៉ាំភោជនីយអាហារយ៉ាងឈ្ងុយឆ្ងាញ់ រៀបចំនិងបម្រើយ៉ាងយកចិត្តទុកដាក់ ពីក្រុមការងារវីតាល់ទៀតផង។

គួរបញ្ជាក់ផងដែរថា ដោយសារតែមានការគាំទ្រខ្លាំងពីអតិថិជន វីតាល់ ធ្វើឲ្យមូលនិធិ២៥៛ របស់វីតាល់មានកញ្ចប់កាន់តែធំ ដែលនេះជាឱកាសល្អដែលវីតាល់ គួរតែពាំនាំបុណ្យកុសល ពីកម្មវិធីស្រង់ព្រះនេះត្រលប់ជូន ដល់អតិថិជនវីតាល់វិញ ឲ្យពួកគាត់បានចាប់មគ្គផលទាំងអស់គ្នាជាមួយវីតាល់ ។ «វីតាល់មោទនភាព ផលិតផលជាតិ» ៕

To Top