ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធាន ប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំថោះនេះ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលខ្មែរក្រហមយកចេញពីគុកទួលស្លែង ទៅសម្លាប់នៅជើងឯកនេះ សូមវិញ្ញាណក្ខន្ធ័ជនរងគ្រោះ ទាំងជិតមួយម៉ឺននាក់ បានទៅកាន់សុគតិភពកុំបីឃ្លៀង ឃ្លាតឡើយ ។
គណៈអធិបតី, មន្ត្រីបក្ស និងប្រជាពលរដ្ឋ ដែលចូលរួមបានដាក់កំរងផ្កា ដោយសំរួមកាយវាចារចិត្តនៅចំពោះមុខស្តូបតំកល់អដ្ឋិធាតុ ជនរងគ្រោះចំនួន ៨៩៨៥នាក់ ដែលត្រូវបានគេគាស់ចេញ ពីរណ្តៅសពរួមចំនួន ៨៦រណ្តៅ ដែលពួកឃាតករអាវខ្មៅ យកមកសម្លាប់នៅជើងឯកនេះ។
គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ តែងបានប្រារព្វពិធីតាមសាសនា ដើម្បីឧទ្ទិស កុសលដល់វិញ្ញាណក្ខន្ធ័ជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ប៉ុល ពតបានកាប់សម្លាប់ ដែលការឧទ្ទិសនេះ តែងបានធ្វើឡើងនៅក្នុងថ្ងៃទី២០ ឧសភា,ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិផងដែរ៕









