ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ការរៀបចំអង្គរសង្ក្រាន្តឡើងវិញ បានបង្កើតព្រឹត្តិការណ៍ជួបជុំរវាងមនុស្សជាមួយ បេតិកភណ្ឌរូបី និងអរូបី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ការរៀបចំអង្គរសង្ក្រាន្តឡើងវិញ នៅឆ្នាំ២០២៣នេះ បានបង្កើតឡើងនូវព្រឹត្តិការណ៍ ការជួបជុំគ្នារវាងមនុស្សជាមួយ បេតិកភណ្ឌរូបី និងអរូបី នៅលើទឹកដី នៃវប្បធម៌អរូបី។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រមៃ និងក្តីសង្ឃឹម នឹងផ្តល់ឱកាសដល់ប្រជាជនកម្ពុជាទាំងអស់ ក៏ដូចជាមិត្តភ័ក្តិអន្តរជាតិទាំងអស់ បានជួបជុំគ្នារីករាយ និងទទួលបានបទពិសោធន៍ មិនអាចបំភ្លេចបានក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។

នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីបំផុសចលនាដល់ក្មេងៗជំនាន់ក្រោយឱ្យស្គាល់ និងចង់ចាំនូវវប្បធម៌ និងអ្វីដែលកម្ពុជាមាន។

សម្ដេចតេជោ បានកត់សម្គាល់ថា «ការរៀបចំឡើងវិញនូវ អង្គរសង្ក្រាន  បានបង្កើតសម្រាប់ព្រឹត្តិការណ៍ នូវការជួបជុំគ្នាមនុស្សរវាងជាមួយនឹង បេតិកភណ្ឌ រូបី អរូបី និងរូបីជាមួយគ្នាតែម្ដង។ យើងកំពុងតែជួបជុំ ក្នុងទីកន្លែងមួយរវាងមនុស្ស ជាមួយ វប្បធម៌អរូបី និងលើទឹកដី នៃវប្បធម៌អរូបបី។ ថ្ងៃនេះ យើងនូវមានវប្បធម៌អរូបី ជាច្រើន ដែលមកកាន់ទីនេះ»។

ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ចំពោះការជួបគ្នារវាងបុរស និងស្រ្តី នាពេលនេះ សូមឱ្យក្លាយទៅជា ប្តី ប្រពន្ធ ស្រលាញ់គ្នា ជារៀងរហូតតទៅ។

ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងថា ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា បានកំពុងរៀបចំដើម្បីទទួលទេវតាឆ្នាំថ្មី។ 

សម្ដេចតេជោ បញ្ជាក់ទៀតថា «នៅសល់តែប្រមាណ ៨ម៉ោងទៀតប៉ុណ្ណោះ ទេវតាថ្មី នឹងចុះមកជំនួសទេវតាចាស់ ហើយវាច្បាស់ណាស់ថា គឺទេវតាចាស់ ឬទេវតាថ្មី ក៏សុទ្ធតែជាកូនទេវតាទាំងអស់ គ្មានពូជពង្សណាផ្សេងនោះទេ នេះជារឿងពិតមួយកំពុងកើត ក្នុងប្រទេសកម្ពុជា»៕

To Top