ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ដាក់ក្ដីសង្ឃឹមថា អាជ្ញាធររាជធានី-ខេត្ត យកចិត្តទុកដាក់ថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។
នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អង្គរសង្ក្រាន្តថ្នាក់ជាតិ បានកើតឡើងគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។
សម្ដេច បន្ដថា ប្រជាជនខ្មែរ ពិតជាសប្បាយរីករាយជាខ្លាំង ទោះបីជួបផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច បណ្ដាលមកពីកូវីដ-១៩ និងផលវិបត្តិ ពីខាងក្រៅមួយចំនួនផងដែរ។
សម្ដេចតេជោ សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស បាននិងកំពុងរៀបចំគ្រប់ទីកន្លែង ដើម្បីទទួលទេវតាឆ្នាំថ្មី ហេតុនេះ សម្ដេច បានណែនាំដល់សមត្ថកិច្ច ខិតខំតែរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ឱ្យបានល្អ សម្រាប់ប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលនេះ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ខ្ញុំ សង្ឃឹមទៅលើអាជ្ញាធររាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធទាំងអស់ នឹងថែរក្សា ការពារសន្ដិសុខ សម្រាប់ប្រជាពលរដ្ឋ ក្នុងរយៈពេលចូលឆ្នាំថ្មីនេះ»៕