ព័ត៌មានជាតិ

សម្តេចតេជោ ឲ្យបញ្ឈប់យកប្រាក់ ពីប្រជាពលរដ្ឋ ទៅកម្សាន្តនៅខេត្តកែបភ្លាមៗ ក្រោយពីមានមតិប្រតិកម្មលើបណ្តាញសង្គម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាភ្លាមៗ ទៅកាន់អភិបាលខេត្តកែប ធ្វើការជាមួយស្ថាប័នពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់ ការយកប្រាក់ពីប្រជាពលរដ្ឋ ដែលទៅលេងកម្សាន្តនៅខេត្តកែប ចាប់ពីពេលនេះតទៅ ក្រោយពីមានមតិប្រជាពលរដ្ឋ បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក ថ្អូញថ្អែលអំពីការចំណាយប្រាក់ ថ្លៃភាស៊ីចូលទៅតំបន់កម្សាន្តមាត់ឆ្នេរខេត្តកែប ។

សម្តេចតេជោ តាមរយៈសារសំឡេង លើបណ្តាញតេឡេក្រាម នាថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា “ខ្ញុំទើបនឹងដឹងព្រឹកមិញនេះទេ ដែលអ្នកដែលឆ្លងកាត់ខេត្តកែប ទាំងប៉ុន្មានត្រូវបង់លុយ ខ្ញុំអត់នឹកស្មានថា មានរឿងនឹងកើតឡើងទេ ។ ខ្ញុំបញ្ជាឲ្យអភិបាលខេត្ត ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច នឹងស្ថាប័នពាក់ព័ន្ធ លុបចោលទាំងស្រុង នូវកិច្ចសន្យាណាក៏ដោយ ដែលមានលក្ខណៈយកប្រាក់សម្រាប់ការចូលខេត្ត ដែលហៅថា ភាស៊ី” ។

សម្តេចបញ្ជាក់ថា ទង្វើនេះ មិនមែនជារឿងដែលគួរ ហើយវ័យឆ្លាតនោះឡើយ ផ្ទុយទៅវិញសម្តេចចាត់ទុកទង្វើបែបនេះ ជាទង្វើឆោតល្ងង់ សម្រាប់ខេត្តកែប និងស្ថាប័នដែលអនុញ្ញាតិឲ្យធ្វើបែបនេះ ។

សម្តេចតេជោ បានដាក់បទបញ្ជាដាច់ណាត់ថា “មិនឲ្យមានការយកប្រាក់ប្រជាជនទេ” ។ សម្តេចបន្តថា “ប្រសិនបើយកប្រជាជនទៅលេង នៅកន្លែងនោះ លោកឯងនឹងចំណេញច្រើនជាង ខ្ញុំមិននឹកស្មានថា អភិបាលខេត្តល្ងង់ដល់ថ្នាក់ប៉ុណ្ណឹងនោះទេ នេះខ្ញុំចេះរកឃើញ តាមរយៈហ្វេសប៊ុក ដែលគេបង្ហោះ ហើយរឿងនេះវាកើតអញ្ជឹងមែន” ។

សម្តេចបានបញ្ជាក់ថា “ខ្ញុំបញ្ជាដាច់ណាត់តែម្តង ឲ្យបញ្ចប់ មិនឲ្យមានរឿងនឹងកើតឡើងសារជាថ្មីនោះទេ” ។

ក្រោយពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានជម្រាបជូនសាធារណជនថា “បងប្អូនភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោងនេះទៅ (១៥ មេសា ២០២៣) រដ្ឋបាលខេត្តកែបណែនាំ ក្រុមវិនិយោគបញ្ឈប់មិនឲ្យយកថ្លៃភាស៊ីឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះបន្តទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរមកលេងកម្សាន្តដោយសេរី នៅខេត្តកែប ក្រោមដំបូលសន្តិភាពសម្តេចតេជោ” ។

គួរឲ្យដឹងថា ថ្មីៗនេះ លើបណ្តាញសង្គម មានការបង្ហោះខ្លឹមសារ ថ្អូញថ្អែលរបស់ប្រជាពលរដ្ឋលើបណ្តាញសង្គមថា “(ទីក្រុងកែប) គិតថាមិនចង់ទៅលេងកំពង់សោម ក៏ប្ដូរមកលេងកំពត ហើយក៏ឆ្លៀតពេលហួសមកលេងកែបមួយជុំ តែបែរជាត្រូវមកខកចិត្តនិងរឿងនេះ ស្រុកគេបន់អោយតែគេនាំគ្នាមកលេងអោយច្រើន តែខេត្តនេះប្លែកខុសគេ គ្រាន់តែចូលដល់ត្រូវចំណាយលុយបាត់ទៅហើយ (ជិះកាត់មិនឈប់ក៏ត្រូវបងលុយដែរ) រឿងនេះយ៉ាងមេចវិញ លោកអ្នកគ្រប់គ្រងខេត្ត ជួយមើលផង តិចទៀតអស់ភ្ញៀវមកលេងខេត្តលោកទៀត តើលោកបានអ្វីអួតគេ? មានរបស់ល្អហើយមិនផ្សព្វផ្សាយបែជា មកយកលុយទាំងអស់បែបនេះ។ (សួរទៅថាយកថ្លៃអនាម័យ តែកុំមើលក្រុង)”៕

To Top