ភ្នំពេញ៖ បន្ទាប់ពីមានបញ្ហាអាស្រូវជាបន្តបន្ទាប់ និងការគាបសង្កត់លើការចេញអាជ្ញាប័ណ្ណ និងបញ្ហាភាស៊ីរបស់អាជីវករ លក់ដូរនៅក្នុងខេត្តនេះ ប្រជាពលរដ្ឋ និងអាជីវករនានា បានគោរពស្នើសុំសម្តេចតេជោ ពិចារណាដកអភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ចេញពីតំណែង។
ស្របពេលការបោះឆ្នោតខិតជិតមកដល់ និងការគាំទ្រគណៈបក្សប្រជាជនកើនឡើង ក្រុមមន្រ្តី អាជីវករ និងប្រជាពលរដ្ឋ បានលើកឡើងថា ការទុកមន្រ្តីដែលបង្កបញ្ហាថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ នឹងធ្វើឲ្យមានបញ្ហា និងខាតសន្លឹកឆ្នោត របស់គណបក្សនាពេលខាងមុខ។
កាលពីថ្ងៃទី១៥ មេសាកន្លងមកនេះ មានប្រជាពលរដ្ឋម្នាក់ បានសរសេរសារផ្ញើរទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទាក់ទងនឹងការតម្រូវឲ្យបង់ប្រាក់ចេញ ចូលក្នុងទឹកដីខេត្តកែប ដែលបញ្ហានេះ បានធ្វើឲ្យសម្តេចតេជោ ចេញសារ ជាបន្ទាន់ ឲ្យអភិបាលខេត្តកែប ធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបញ្ចប់និតិវិធីនៃការបង់លុយ ពីរថយន្តធ្វើដំណើរឆ្លងកាត់ខេត្តកែប។
សម្តេចតេជោ បានហៅទង្វើរបស់អភិបាល នៃគណៈអភិបាលខេត្តកែប លោក សោម ពិសិដ្ឋថា “ឆោតល្ងង់”។
ទាក់ទងនឹងបញ្ហានេះដែរ អភិបាលខេត្តកែប បានលើកឡើងក្នុងវីដេអូមួយថា “យើងមិនត្រូវតបត នឹងក្រុមfacebookឡើយ បើវាស្ងប់ស្ងាត់ហើយ សូមឲ្យស្ងប់ស្ងាត់បន្តទៀតទៅ”។
តាមរយៈការផ្សាយលើរឿងអាស្រូវ ជាបន្តបន្ទាប់នៃស្ថាប័នសារព៌តមានមួយចំនួន របស់អភិបាលខេត្តកែប ប្រជាពលរដ្ឋរស់នៅខេត្តកែប និងរាជធានីភ្នំពេញ បានស្នើឲ្យសម្តេចតេជោ ឲ្យដកអភិបាលខេត្តរូបនេះ ចេញពីតំណែងផងដែរ។
ម្ចាស់គណនីហ្វេសបុកមួយរូប ដាក់ឈ្មោះថា Chhun Chhun បានសរសេរថា “ដកចោលទៅ”។ ចំណែកម្ចាស់គណនីឈ្មោះសាង សុវណ្ណារ៉ា ក៏បានលើកឡើងដូចគ្នាថា ”ដកចោលទៅ”។ រីឯម្ចាស់គណនីហ្វេសបុកមួយរូបទៀត ឈ្មោះទី ចាន់ថន បានសរសេរថា “ដកចោលតែម្តងទៅសម្តេចពុក”។ ម្ចាស់គណនីម្នាក់ទៀតឈ្មោះ Bunthim Meng បានសរសេរថា “ល្មមកាត់សាច់ស្អុយចោលហើយសម្តេចពុក”។
ចំណែកម្ចាស់គណនីហ្វេសបុកមួយទៀត បានសរសេរថា “ដកចេញកុំទុក ធ្វើការងារមិនចេះស្រលាញ់ប្រជាពលរដ្ឋ”។ ម្ចាស់គណនីមួយរូបទៀត ឈ្មោះDoeuk Chamnan បានសរសេរថា ដកចេញទៅសម្តេច មុខអានេះពុករលួយ១,០០០,០០០ភាគរយ”។
លើសពីនេះ ម្ចាស់គណនីមួយរូបទៀតឈ្មោះTan Darith បានសរសេរបែបចំអកថា “ អបអរសាទរបណ្ឌិតឆោតល្ងង់ បានទទួលពរពី ព្រះឥន្ទហើយ”។
ក្រៅពីម្ចាស់គណនីទាំងនេះ នៅមានម្ចាស់គណនីហ្វេសបុកជាច្រើនទៀត បានសំណូមពរ និងស្នើសម្តេចតេជោ នាយករដ្ឋមន្រ្តី នៃកម្ពុជា ដកអភិបាលខេត្តរូបនេះចេញពីតំណែង ខណៈម្ចាស់ហ្វេកបុកខ្លះ បានលើកឡើងពីប្រធានមន្ទីរសូរិយោដី នៅក្នុងខេត្តកែប ពោរពេញដោយរឿងអាស្រូវ ពុករលួយផងដែរ។
លើសពីនេះអាជីវករ ដែលក្រាលកន្ទេលលក់ និងម្ចាស់ខ្ចូសនានា នៅក្នុងក្រុងកែប បានស្នើសម្តេចតេជោ ដកដំណែងអភិបាលខេត្តរូបនេះផងដែរ ដោយការការទារភាស៊ី ថ្លៃសន្តិសុខ ថ្លៃអនាម័យ ថ្លៃទឹកភ្លើងមិនឈប់ឈរ និងគាបសង្កត់ប្រជាពលរដ្ឋ អ្នកលក់ដូរជារៀងរាល់ថ្ងៃ ដែលធ្វើមុខរបររកព្រឹក ខ្វះល្ងាច របស់ពួកគាត់ជួបបញ្ហាជាបន្តបន្ទាប់ និងមិនអាចរកផលចំណេញ ផ្គត់ផ្គង់ជីវភាពបានប្រសើរឡើយ។
ចំណែកអ្នកវិនិយោគក្នុងស្រុកជាច្រើន ដែលបាននាំអ្នកវិនិយោគចិន និងចង់រៀបចំវិនិយោគក្នុងខេត្តនេះ ក៏បានផ្អាកគំរោងរបស់ពួកគេផងដែរ ដោយសារការគាបសង្កត់ ជំរិតទារប្រាក់ និងបង្កើតនិតិវិធីស្នើសុំនានា ឲ្យកាន់តែមានភាពស្មុគ្រស្មាញ ដែលធ្វើឲ្យពួកគេលំបា កក្នុងការសម្រេចចិត្តវិនិយោគ នៅក្នុងខេត្តនេះផងដែរ។
ជាមួយនឹងការលើកឡើង ជាសំណូមនេះ លោក ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងនៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ នេះថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ តែងស្តាប់នូវមតិយោបល់ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
លោក បន្ថែមថា “ធម្មតា ប្រមុខរាជរដ្ឋាភិបាលក្តី ក្រសួងមហាផ្ទៃក្តី បើមានសំណូមពរ រឺសំណើណាមួយ របស់ប្រជាពលរដ្ឋ តែងតែយកមកពិគ្រោះ ពិចារណាដើម្បីពិនិត្យដោះស្រាយ។ ដូច្នេះខ្ញុំគិតថា អ្វីដែលបងប្អូនដែលលើកមកនេះ បើក្រសួងមហាផ្ទៃ ក៏ទទួល ប៉ុន្តែថា មិនមែនឱ្យដោះៗ ទុកៗនោះទេណា មិនមែនអីចឹងទេ។ ក្រសួងថ្លឹងថ្លែងពិចារណាមើល តើកំហុសនោះវាសមរម្យ ក្នុងការផ្លាស់ប្តូររឺយ៉ាងណា ទោះសម្រេច”។
លោក សុភក្រ បន្ថែមថា “ខ្ញុំថា បើមានសំណូមពីប្រជាពលរដ្ឋ រាជរដ្ឋាភិបាល នឹងមិនព្រមងើយកន្តើយ រាល់សំណូមពររបស់ប្រជាពលរដ្ឋនោះទេ គ្រាន់តែយកមកពិនិត្យនឹងពិចារណា ហើយនិងថ្លឹងថ្លែង។ រដ្ឋធម្មនុញ្ញ ក៏មានចែងដែរ ចំពោះសំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះការដោះស្រាយយ៉ាងណានោះ ក្នុងនាមជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនយោបល់ទេ ហើយក៏មិនមានសិទ្ធិសម្រេច ដោះស្រាយយ៉ាងណាដែរ មិនមែនជាអ្នកកាត់ក្តីទេ គឺមានតែប្រមុខរាជរដ្ឋាភិបាលតែម្តង ជាអ្នកសម្រេច ព្រោះលោកមានឆន្ទានុសិទ្ធិ ក្នុងការសម្រេច”។
ដោយឡែក យោងតាមមន្ត្រី របស់រដ្ឋបាលខេត្តកែប បានឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ដឹងថា កន្លងមកមាន៣ករណី ក្នុងទី១ពាក់ព័ន្ធនឹងករណីហ្វេសប៊ុក ចោទថា មានប្រពន្ធចុង ទី២ពាក់ព័ន្ធអាជីវករអត់ពេញចិត្ត និងទី៣ ករណីអ្នកវិនិយោគអត់ពេញចិត្ត ចំពោះថ្នាក់ដឹកនាំខេត្ត។ ទាំងបីករណីនេះ គឺខុសទាំងអស់ គឺមិនអាចទទួលបានទេ គឺខុសពីការពិត។
មន្ត្រីដដែលនេះ បានបន្ថែមថា “ចំណុចទី១ ពាក់ព័ន្ធអាខោន (ហ្វេសប៊ុក) ម្នាក់នឹងគេចាប់បានតាំងពីថ្ងៃ១៥ ខែ១១ ឆ្នាំ២០២០ បាត់ទៅហើយ ហើយគេបានដោះលែងបាត់ហើយដែរ ១៤ ខែ១២ ឆ្នាំ២០២២ (មានដីការដោះលែង)។ ករណីទី១ បានចាត់ការរួចហើយ”។ ចំណុចទី២ ពាក់ព័ន្ធករណីអាជីករ តាមពិតការអភិវឌ្ឍតែងតែប៉ះទង្គិច ជាមួយអាជីវករមួយចំនួនតូចខ្លះ ដែលគាត់មិនសប្បាយចិត្ត ដែលប៉ះពាល់ប្រយោជន៍ផ្ទាល់របស់គាត់ ប៉ុន្តែជាក់ស្តែងជារួម គេអបអរសាទរគាំទ្រ គម្រោងរបស់ គាត់ (អភិបាលខេត្ត)។ ហើយចំណុចទី៣ គម្រោងដែលគាត់ដឹកនាំកែប្រែ ក៏មានអ្នកវិនិយោគភាគច្រើន ទទួលយកការវិនិយោគនោះបានដែរ ជាក់ស្តែងយើងមានខ្សែរ៉ក យើងមានឆ្នេរ និងយើងមានអ្វីៗផ្សេងៗ យើងមានរៀបចំកន្លែង សម្រាប់ប្រជាពលរដ្ឋ ទទួលទានអាហារថ្មីៗច្រើន។
លោកបន្ថែមថា “ករណីនេះមានការសប្បាយចិត្ត”៕ ដោយ៖ សយ សុភា