ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ចំនួន ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់ ខណៈភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ មេសា បានបញ្ជាក់ថា «ចំនួនភ្ញៀវទេសចរ និងបងប្អូន ប្រជាពលរដ្ឋប្រមាណជាង ១៣ លាននាក់ ក្នុងរយៈពេល ៣ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើន លើសលុបលើស ពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ទៅទៀត»។

ក្រសួង បន្ដថា ចំនូនភ្ញៀវទាំងជាង ១៣លាននាក់នេះ គឺរដ្ឋបាលរាជធានី ខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរ ដែលធ្វើ ដំណើរ កម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនប្រជាជនដែលបានចូលរួម លេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋ ដែលលេងកម្សាន្ត នៅតាមភូមិស្រុក និងកន្លែងជួបជុំនានា។

ក្រសួង បន្ថែមថា ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងប្រជាពលរដ្ឋ មានតាំងពីពេល ព្រឹករហូតដល់យប់អាធ្រាតុ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ជាមួយគ្នានេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល៣ថ្ងៃនេះ ដែលមានភាព ខុសគ្នាធៀប នឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបាន រៀបចំម្ហូបអាហារដោយ ខ្លួនឯងសម្រាប់បរិភោគ។

ក្រសួងទេសចរណ៍ លើកឡើងទៀតថាសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួច ខណៈដែលកំលាំងមានសមត្ថកិច្ច ទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត បានអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់៕
