ខេត្តព្រះសីហនុ៖ តំណាងនិងសកម្មជនគណបក្សភ្លើងទៀន ប្រចាំខេត្តព្រះសីហនុ នៅមួយរយៈពេលចុងក្រោយនេះ បានចេញមកហែកកេរ្ដិ៍ ទម្លាយនូវភាពមិនប្រក្រតី និងបក្ខពួកនិយម ជាច្រើន របស់គណបក្ស ព្រមទាំងបានចោទប្រកាន់ ថា មានគម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បន្ថែមទៀតផង។
ការចេញមកហែកកេរ្ដិ៍ទម្លាយនេះ ធ្វើឡើងបន្ទាប់ពីពួកគេមើលឃើញនូវទង្វើ មិនសមរម្យ ជាច្រើន របស់លោក គឹមសួរ ភីរិទ្ធ និងបក្ខពួក ដែលត្រូវបានជ្រើសតាំង ជាប្រធានគណកម្មាធិការប្រតិបត្តិគណបក្ស ខេត្តព្រះសីហនុ។
តាមរយៈគណនីហ្វេសប៊ុក ឈ្មោះ «Sarath Rømëô» ដែលគេស្គាល់ថា ជាសកម្មជនមកពីគណបក្សភ្លើងទៀន ថ្មីៗនេះ បានបង្ហោះសារជាច្រើន ក្នុងន័យបញ្ចេញមតិមិនគាំទ្រ ចំពោះសកម្មភាព របស់លោក គឹមសួរ ភីរិទ្ធ និងបក្ខពួក ដែលកំពុងធ្វើនៅលើទឹកដី នៃខេត្តព្រះសីហនុ។
ចុងក្រោយនេះ គណនីហ្វេសប៊ុកខាងលើ បានបង្ហោះនូវលិខិតជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា៖
«លោក គឹមសួរ ភិរិទ្ធ ឃុបឃិតគ្នាជាមួយលោក អុឹម សូនិត ដែលដើរតួជាប្រធានក្រុមការងារផង ប្រតិបត្តិផងនោះ កំពុងធ្វើលិខិតផ្តេសផ្តាស គម្រាមកំហែងក្រុមប្រឹក្សាជាប់ឆ្នោត បរាជ័យម្តងរួចទៅហើយ ហើយថ្ងៃនេះប្រើអាចក់អាចែមដើរចែកលិខិតគម្រាមជាលើកទី២ ដោយមានលិខិតខ្លះ មិនត្រឹមត្រូវតាមការពិតជាក់ស្តែងផង។
បញ្ជាក់លោក សាន់ សុខហ៊ាង នៅសង្កាត់លេខ១ មិនមែននៅសង្កាត់៤ទេ។ គណៈកម្មការចំពោះកិច្ច ក្លាយជាគណៈកម្មការបង្គ្រប់កិច្ច ហើយតែងតាំងខ្លួនឯងជាប្រធានប្រតិបត្តិខេត្តព្រះសីហនុ។ដែលមានលោកកឹមសួរភឹរិទ្ធជាប្រធាន»៕







