ព័ត៌មានជាតិ

ប៉ូលីសចរាចរណ៍៣នាក់ ត្រូវបានដកមកបញ្ឈរជើង បន្ទាប់ពីឃាត់រថយន្ដ ពេលភ្លើងសញ្ញាពណ៌បៃតង

" "

ភ្នំពេញ ៖ មន្ត្រីចរាចរណ៍២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង បន្ទាប់ពីឃាត់រថយន្ដ នៅពេលភ្លើងសញ្ញា ចរាចរណ៍ពណ៌បៃតង នៅគោលដៅស្ដុបស្ពានអាកាស ៥មករា នាពេលថ្មីៗនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ទាក់ទងទៅនឹងមន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ដែលបានឃាត់ហៅរថយន្តនោះ គឺធ្វើឡើងមិនបានត្រឹមត្រូវនៅពេលភ្លើង សញ្ញាចរាចរណ៍ពណ៌បៃតង។

" "

ស្នងការបន្ដថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយ ព័ត៌មានផុសនៅលើបណ្តាញសង្គម ក្រុមការងារបានធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីចរាចរណ៍ នៅគោលដៅស្ដុបស្ពានអាកាស ៥មករា ដើម្បីឲ្យចូលខ្លួនបំភ្លឺ បន្ទាប់ពីសាកសួររួចមកមន្ត្រី ទាំង៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុស ដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។

" "

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា «ដូច្នេះមន្ត្រីចរាចរណ៍ចំនួន ២រូប និង មន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំង ដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើង ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក ជារៀងរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមាន ជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ ដែលបានកំណត់»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយក្នុងការទទួលព័ត៌មានពីប្រជាពលរដ្ឋ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

To Top