ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បង្កើតក្រុមការងារវាយតម្លៃ លើការដំឡើងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយសមាសភាព និងសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីពិនិត្យ វាយតម្លៃ លើដំណើរការប្រព្រឹត្តទៅនៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ក្រោមអធិបតីបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

នាឱកាសនោះលោក ឡាំ ជា បានលើកឡើងថា ក្រុមការងារមានតួនាទី ភារកិច្ចសិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និង មន្ត្រីរាជការស៊ីវិលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួងមហាផ្ទៃ និងរៀបចំទម្រង់បែបបទ នីតិវិធីសម្រាប់បម្រើឲ្យការពិនិត្យ វាយតម្លៃការដំឡើងឋានន្តរស័ក្តិ ថ្នាក់ ជូនមន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ត្រីរាជការស៊ីវិល ។

លោកបន្ថែមថា ការៀបចំក្រុមការងារនេះឡើង ក្នុង ន័យលើកទឹកចិត្ត ស្វែងរកមន្ត្រីរាជការដែលបំរើការងារយូរឆ្នាំ មិនជាប់ពិន័យអ្វីទាំងអស់ ដែលមិនទាន់បានតម្លើងឋានន្តរស័ក្តិ ថ្នាក់ ជូនពួកគាត់នៅឡើយ ហើយការងារនេះ ក៏ដើម្បីស្វែងរកទិន្ន័យពិតប្រាកដ នៃចំនួនអ្នកឡើងឋានន្តរស័ក្តិ និងអ្នកមិនទាន់បានឡើងឋានន្តរស័ក្តិ ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានលើកឡើងពីទិន្នន័យ និងតួលេខនៃមន្ត្រីនគរបាលជាតិ ព្រមទាំងបានធ្វើបទបង្ហាញ អំពីបទពិសោធន៍ក្នុងការស្រាវជ្រាវ ចងក្រង និងការតម្លើងឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ កាលពីពេលកន្លងទៅ ។

ជាមួយគ្នានោះ លោក អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានឲ្យដឹងដែរថា តាំងពីការធ្វើសមាហរណកម្ម ពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្នការ តម្លើងឋានន្តរស័ក្តិជូនមន្ត្រីរាជការស៊ីវិល ក្នុងក្របខណ្ឌនាយកដ្ឋានបុគ្គលិក បានរៀបចំយ៉ាងត្រឹមត្រូវ ដោយសារនាយកដ្ឋានមានតួលេខ និង ទិន្នន័យច្បាស់លាស់៕

To Top